(វ៉ាស៊ីនតោន)៖ បុរសវ័យក្មេងម្នាក់​មកពីរដ្ឋ ហ្សកហ្ស៊ី (Georgia) ត្រូវបានអាជ្ញាធរ​អាមេរិកចាប់ឃាត់​ខ្លួន​ពីបទ​រៀបចំគម្រោង​​វាយ​ប្រហារ​​លើ​​​សេតវិមាន​ ព្រមទាំង​អគាររដ្ឋាភិបាល​មួយចំនួនផ្សេង​ទៀត នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញ​ពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

រដ្ឋអាជ្ញា​អាមេរិក​លោក ប៊ីចាយ ផេក (Bjay Pak) ​នៃរដ្ឋហ្សកហ្ស៊ី (Georgia) បានប្រាប់ក្រុមអ្នកកាសែតនាថ្ងៃពុធសប្តាហ៍នេះថា ជនសង្ស័យខាងលើមាន​ឈ្មោះ ហេស៊ឺ តាហេប (Hasher Taheb) អាយុ ២១ឆ្នាំ​មកពីរដ្ឋ Georgia បានរៀបចំ​ផែនការ​ប្រើគ្រឿងផ្ទុះ ដែលរួមមាននូវ​គ្រាប់បែកច្នៃ និង​​គ្រាប់រ៉ុក្កែត​បាញ់​រថក្រោះ​ដើម្បីវាយប្រហារ​ទីតាំងខាងលើ។

គួរជម្រាបថា បើតាម​ទីភ្នាក់ងារ FBI លោក Taheb បានធ្វើសកម្មភាព​តែម្នាក់ឯងប៉ុណ្ណោះ ខណៈជនរូបនេះ​បានស្ថិតក្រោមការ​តាមដាន និងស៊ើបអង្កេតចាប់តាំងពី FBI ទទួលបាន​តំរុយកាលពីជាងមួយឆ្នាំ​មុនមកម្ល៉េះ។ លោក Taheb នឹង​ត្រូវបង្ហាញ​​ខ្លួន​នៅ​ចំពោះមុខតុលាការ​នៅថ្ងៃទី២៤ ខែមករា៕