(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រី​ចិន លោក លីវ ហេ (Liu He) នឹងបំពេញ​ដំណើរទស្សនកិច្ចទៅកាន់​សហរដ្ឋអាមេរិក​ ចាប់ពីថ្ងៃទី៣០ រហូតដល់​ថ្ងៃទី៣១ ខែមករា​ខាងមុខនេះ ដើម្បីចូលរួម​ក្នុងកិច្ចចរចា​ដោះស្រាយជម្លោះ​ពាណិជ្ជកម្ម ជាមួយទីក្រុង​វ៉ាស៊ីនតោន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កៅ ហ្វេង (Gao Feng) បានទទួលស្គាល់​ជាផ្លូវការ ពីគម្រោងបំពេញដំណើរទស្សនកិច្ច​របស់លោក Liu នៅអំឡុង​ធ្វើសន្និសីទ​សារព័ត៌មានខ្លី​ប្រចាំសប្ដាហ៍ នៅថ្ងៃព្រហស្បតិ៍​នេះតែម្ដង។ ប៉ុន្តែ​លោក Feng មិនបានបញ្ជាក់​អ្វីលម្អិតបន្ថែម​នោះឡើយ ខណៈលោក Liu ត្រូវបានគេ រំពឹងថា នឹងជួបពិភាក្សា​ការងារជាមួយអ្នក​តំណាងពាណិជ្ជកម្ម​អាមេរិក លោក រ៉ូប៊ឺត ឡៃធីហ្សែរ (Robert Lighthizer) និងរដ្ឋមន្ត្រីរតនាគារជាតិ​អាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) នៅក្នុងជំនួប​ដោះស្រាយជម្លោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។

គួរជម្រាបថា ការទទួលស្គាល់​ពីដំណើរទស្សនកិច្ច​ ទៅកាន់​សហរដ្ឋអាមេរិក​របស់​លោក Liu He កើតមាន​ឡើងតែជាង ០២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រីពាណិជ្ជកម្ម​ចិន និងអាមេរិក បានជួបប្រជុំគ្នា​ក្នុងជំនួបថ្នាក់អនុរដ្ឋមន្ត្រី​នៅឯទីក្រុង​ប៉េកាំង ជាមួយ​ការអះអាងដូចគ្នា​ពីភាពជឿនលឿន​ឆ្ពោះ​ទៅរក ដំណោះ​ស្រាយបញ្ចប់ជម្លោះ​ពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំង ២៕