(ព្រះសីហនុ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នាវាទេសចណ៍បរទេសយក្សមួយគ្រឿង មានឈ្មោះថា DIAMOND PRINCESS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃនៅកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសសិង្ហបុរីវិញ។ នេះបើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នាវាទេសចរណ៍យក្ស DIAMOND PRINCESS មានសញ្ជាតិ BERMUDA មានបណ្តោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹង៤១.៥០ម៉ែត្រ ជម្រៅទឹក៨.៥៧ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជិត៤.០០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

នាវានេះ មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី (Singapore) នៅវេលាម៉ោង ១៨៖០០យប់ ថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា DIAMOND PRINCESS មានចំនួនជិត៤.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ២.៨០៦នាក់ ស្រី១.៥០៥នាក់ មាន៥២សញ្ជាតិ និងមាន​នាវិកចំនួន ១.០៧៣នាក់ មាន៤៧សញ្ជាតិ។ ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ចំនួន៨៦៩នាក់ Australia ចំនួន៨៤៤នាក់ និង Canada ចំនួន៣៧១នាក់។

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនានៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ តំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទីប្រជុំផ្សារ និងតាមតំបន់ឆ្នេរសមុទ្រជាដើម៕