(បាងកក)៖ ការដ្ឋានសាងសង់​គម្រោងរថភ្លើងអេឡិចត្រូនិក​ នៅក្នុងទីក្រុង​បាងកក ត្រូវបានបិទរយៈពេល ០៧ថ្ងៃ ខណៈរដ្ឋាភិបាល​ថៃកំពុងប្រយុទ្ធប្រឆាំងនឹងផ្សែង​អ័ព្ទពុល​នៅក្នុងរាជធានី​នៃប្រទេសអាស៊ានមួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ​សប្ដាហ៍នេះ រដ្ឋមន្ត្រីដឹក​ជញ្ជូនថៃ​លោក អាខុម តឺមភីតាយ៉ាផៃសិដ្ឋ (Arkhom Termpittayapaisith) បានឱ្យដឹងថា អាជ្ញាធរ​បាន សម្រេចចេញ​សេចក្ដីណែនាំមួយ​ ដល់ម្ចាស់ការដ្ឋាន​ទាំងអស់ក្នុងទីក្រុង​បាងកក ផ្អាកសកម្មភាព​សាងសង់របស់ខ្លួន​ រហូតដល់​ថ្ងៃអង្គារ​សប្ដាហ៍ក្រោយ។ លោកបន្ថែមថា ម្ចាស់ការដ្ឋាន​ទាំងអស់ ចំាបាច់ត្រូវតែ​សំអាតការដ្ឋានសាងសង់​របស់ខ្លួន និងផ្លូវស្ថិត​នៅក្បែរ ហើយ​មិនត​ប៉ុណ្ណោះ សូម្បី​តែរថយន្ដចេញចូល​ការដ្ឋាន​ ក៏ត្រូវសំអាត​កង់រថយន្ដឱ្យ​បានស្អាត​ផងដែរ។

គួរជម្រាបថា ក្រៅតែវិធានការ​លើការដ្ឋាន​សាងសង់ អាជ្ញាធរថៃ​ថែមទាំងបានបង្គា​ប់ឱ្យរថយន្ដក្រុង​ ប្រើប្រាស់ម៉ាស៊ូត​ចំនួន ២,០៧៥គ្រឿង ក្នុងទីក្រុងបាងកក ប្ដូរមកប្រើប្រាស់​ប្រេងសាំងវិញ ដោយទុក​រយៈពេល ០២ថ្ងៃ ដើម្បីការពារ ក៏ដូចជាទប់ស្កាត់​ការបញ្ចេញផ្សែងខ្មៅ ទៅក្នុង​បរិយាកាស។ ទីក្រុងបាងកក​ដែលជាតំបន់ទេសចរ​ណ៍​ធំមួយ​ប្រចាំ​អាស៊ីអាគ្នេយ៍នេះ បាននិង​កំពុង​វាយប្រហារដោយ​បរិស្ថានកខ្វក់ ជាពិសេសគឺខ្យល់​ពុល​ជាច្រើនឆ្នាំមកហើយ ដោយសារ​តែកំណើន​ប្រជាជន អគារខ្ពស់ៗ និងយាន​ជំនិះ៕