(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់​​អាមេរិក​ម្នាក់​បាននិយាយថា កងកម្លាំង​ការពារមីស៊ីលរបស់​សហរដ្ឋអាមេរិកដែលត្រូវបានដាក់​ឱ្យឈរជើងនៅ​ទ្វីបអឺរ៉ុប គឺ​ដើម្បីទប់ទល់​ការគំរាមកំហែងទាំង​ឡាយពី​សំណាក់ «ប្រទេសទំនើង» មួយចំនួន​ដូចជាអ៊ីរ៉ង់ជាដើម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

ការលើកឡើង​របស់មន្ត្រីជាន់ខ្ពស់​អាមេរិកខាងលើ ធ្វើឡើងនៅ​ក្នុងសន្និសីទ​មួយស្ដីពីកម្មវិធី Missile Defense Review (MDR) សម្រាប់​ឆ្នាំ២០១៩ នេះ។ មន្ត្រីរូបនេះ​ដដែល បានបញ្ជាក់នាឱកាសនោះ​យ៉ាងដូច្នេះថា «កងកម្លាំង​ការពារមីស៊ីលរបស់​សហរដ្ឋអាមេរិក​ ត្រូវបានដាក់​ឱ្យឈរ​ជើងនៅទ្វីបអឺរ៉ុប​ ដើម្បីទប់ទល់​ការគំរាមកំហែង​ទាំងឡាយ​ ពីសំណាក់​ប្រទេសទំនើង។ ជាឧទាហរណ៍​ជាក់ស្ដែង​យើងបានឈរជើង​នៅអឺរ៉ុប គឺក្នុង​ចេតនា​ដោះស្រាយ និងទប់ទល់​នឹងការគំរាមកំហែង​ពីអ៊ីរ៉ង់»។​

គួរបញ្ជាក់ថា បើតាមមន្ត្រី​ជាន់ខ្ពស់អាមេរិក​រូបនេះ MDR ក៏នឹងដោះស្រាយ​ផងដែរចំពោះការគំរាមកំហែងបង្កឡើងអាវុធ ឬមីស៊ីលលឿន​ជាងសំឡេង ពីសំណាក់​បណ្ដាប្រទេស​មួយចំនួន ហើយបើទោះជាមិន​បានលើកចំឈ្មោះ​ក៏ដោយ ប៉ុន្តែគេដឹងថា ចង់សំដៅ​ទៅលើចិន​ជាពិសេស​គឺរុស្ស៊ី ដែល ទើបតែបាញ់​សាកល្បងប្រកប​ដោយជោគជ័យ​ នូវអាវុធមីស៊ីលលឿន​ជាង​សំឡេង៕