(ប៉េកាំង)៖ សារព័ត៌មាន Globe and Mail បាន​រាយការណ៍ថា ស្ត្រីជាពលរដ្ឋ​កាណាដាម្នាក់​ត្រូវបានចាប់ឃុំ​ខ្លួនក្នុងរយៈពេល​ខ្លី និងរងការប្រើប្រាស់ហិង្សា​ពីសំណាក់ភ្នាក់ងារ​សន្តិសុខចិន នៅអំឡុងពេល​ត្រូវធ្វើដំណើរឆ្លងកាត់​ តាមអាកាសយានដ្ឋាន​ទីក្រុងប៉េកាំង នៅថ្ងៃពុធ​សប្ដាហ៍នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានកាណាដា Globe and Mail លោកស្រី ទីអាន់ណា វ៉ាង (Ti-Anna Wang) ត្រូវបានមន្ត្រី​ប៉ូលិសចិន ០៦នាក់ អូសចេញពី​យន្ដហោះដោយ​បំបែកចេញពីប្ដី ហើយបញ្ជូន​ទៅឃុំខ្លួនអស់​ជាង ០២ម៉ោងជាមួយកូនស្រី ក្នុងពេលត្រូវ​ចាកចេញពី​ទីក្រុងប៉េកាំង ឆ្ពោះទៅកាន់​ទីក្រុង តូរ៉ុនតូ (Toronto) ប្រទេសកាណាដា។

សារព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា លោកស្រី Wang ត្រូវបាន​ហាមឃាត់ប្រើប្រាស់​ទូរស័ព្ទដៃ និងកុំព្យូរទ័រ​ដើម្បី ទាក់ទងជា​មួយស្ថានទូត​កាណាដា​ប្រចំាទីក្រុង​ប៉េកាំង ហើយមិនតែ​ប៉ុណ្ណោះក្រុម​មន្ត្រីចិន ក៏បានប្រាប់លោកស្រី​ដែរថា មិនអនុញ្ញាត​ឱ្យត្រឡប់ទៅ​កាន់ប្រទេសកាណាដា តាមជើងហោះហើរ​ទីក្រុងប៉េកាំង​ឡើយ ដោយបង្គាប់​ឱ្យលោកស្រីជិះនៅ​លើជើងហោះហើរ​មួយទៀត ត្រឡប់​ទៅប្រទេស កូរ៉េខាងត្បូងវិញ។

ប៉ុន្តែជុំវិញ​សេចក្ដីរាយការណ៍​នេះដែរ ក្រសួង​ការបរទេសចិន​មិនទាន់អតា្ថធិប្បាយ​អ្វីទេ ប៉ុន្តែហេតុការណ៍​ខាងលើកើត​មានឡើង ក្រោយកាណាដាចេញសេចក្ដី​ព្រមានឱ្យពលរដ្ឋ​របស់ខ្លួនទំាង​នៅក្នុង និងចង់ធ្វើដំណើរ​ទៅកាន់ប្រទេសចិន​មានការប្រុង​ប្រយ័ត្នខ្ពស់ ខណៈ​ទំនាក់ទំនង​ការទូត រវាងប្រទេស​ទាំង ២ កំពុងកើនឡើងកម្ដៅជាថ្មី បន្ទាប់ពីជនជាតិ​កាណាដាម្នាក់​ត្រូវបានតុលាការ​ចិន ផ្ដន្ទាទោស​ប្រហារជីវិត ពីបទ​រត់ពន្ធគ្រឿង​ញៀន។

គួរបញ្ជាក់ថា លោកស្រី Ti-Anna Wang គឺជាស្រី​របស់លោក វ៉ាង ពីងចាង (Wang Bingzhang) ដែលជាសកម្មជន​ការពារសិទ្ធិមនុស្សម្នាក់​ កំពុងជាប់ឃុំអស់មួយជីវិត​នៅក្នុងប្រទេស​ចិន​ពីបទស៊ើបការណ៍​សំងាត់ និងភេរវកម្ម។ ម្យ៉ាងវិញ​ទៀត បើតាម The Globe and Mail លោកស្រី Ti-Anna Wang ត្រូវបានអាជ្ញាធរ​ចិនហាមឃាត់​ចូលក្នុងទឹកដីចិន​ កាលពី​សប្ដាហ៍មុន នៅពេលដែល​លោកស្រីបានធ្វើដំណើរ​មកដល់អាកាស​យានដ្ឋាន​ទីក្រុង បើទោះជាទទួល​បានទិដ្ឋាការ​កាលពីខែសីហា ឆ្នាំ២០១៨ ដើម្បីមកសួរ​សុខទុកឪពុក​របស់ខ្លួន​ក៏ដោយ៕