(ស៊ីដនី)៖ មហាសេដ្ឋីអាមេរិក លោក អេឡូន ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុនល្បីៗ​ដូចជា Tesla និង SpaceX ​នោះ បានលើកឡើង​ថា​ ការ​សាងសង់ប្រព័ន្ធផ្លូវក្រោមដីពីខាងក្រោមជួរភ្នំ Blue Mountains ក្នុងរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលី អាច​ត្រូវ​ចំណាយប្រាក់ប្រហែលជាង១ពាន់លានដុល្លារអូស្រ្តាលី (៧៥០លានដុល្លារអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញ​ពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

លោក Musk បានលើកឡើង​បែបនេះ ក្នុងសារឆ្លើយ​តបទៅនឹងសំណួរ​របស់​​សមាជិកសភា​អូស្រ្តាលី​​នៃរដ្ឋ New South Wales គឺលោក ជែរែមី បាក់ឃីងហាម (Jeremy Buckingham) ដែលបាននិយាយថា ទីក្រុងស៊ីដនីកំពុង​តែប្រឈមនឹងភាពកក​ស្ទះចរាចរណ៍​ខ្លាំង ហើយ​បាន​សួរថា តើត្រូវចំណាយ​ថវិកា​ទំហំប៉ុណ្ណា ដើម្បីសាងសង់​​ប្រព័ន្ធផ្លូវក្រោមដី​មួយ ដែលមានចម្ងាយ​ ៥០គីឡូម៉ែត្រ នៅពីក្រោម​​​ជួរភ្នំ Blue ដែលខណ្ឌចែក​ស៊ីដនីពីទឹកដីភាគខាងលិច​ដ៏ធំល្វឹងល្វើយ​​នៃរដ្ឋ New South Wales។ ​

លោក Musk បានតបដូច្នេះថា «​ប្រហែល​ ១៥លានដុល្លារក្នុងមួយ​គីឡូម៉ែត្រ សម្រាប់ប្រភេទ​ផ្លូវល្បឿនលឿន​ទ្វេទិស ដូច្នេះគឺ​ប្រហែល​ខ្ទង់​ ៧៥០លានដុល្លារ បូកជាមួយ​៥០លានដុល្លារ​ទៀតក្នុងមួយ​ស្ថានីយ»។ យ៉ាងណា​មិញ លោក Musk ពុំបាន​​បញ្ជាក់​ថា លោកចង់សំដៅ​លើដុល្លារ​អាមេរិក ឬក៏ដុល្លារអូស្រ្តាលី​ឡើយ តែបើលោកសំដៅ​លើដុល្លារ​អាមេរិកនោះ​គឺវាស្មើនឹង​ជាង ​១ពាន់លានដុល្លារ​អូស្រ្តាលី។

គួរជម្រាបថា ក្រុមហ៊ុនមាន​ឈ្មោះថា Boring Company របស់លោក Elon Musk បច្ចុប្បន្នកំពុងតែ​ធ្វើតេស្តសាកល្បង​​លើ​ប្រព័ន្ធ​ផ្លូវក្រោមដី​ស្រដៀងគ្នានេះ ដើម្បីជួយសម្រួល​ចរាចរណ៍ធ្វើដំណើរ​នៅ​ក្នុងទីក្រុង Los Angeles របស់​សហរដ្ឋអាមេរិក៕