(សេអ៊ូល)៖​ កូរ៉េខាងជើងនឹងបញ្ជូន​មន្ត្រីជាន់ខ្ពស់​ម្នាក់ ទៅកាន់ទីក្រុង​វ៉ាស៊ីនតោន នៅក្នុង​សប្ដាហ៍នេះ ខណៈមាន​សេចក្ដីរាយការណ៍​ជាច្រើនថា ភាគីទាំងពីរ​​សុទ្ធតែ​បង្ហាញ​ពីបំណងរៀបចំ​កិច្ចប្រជុំកំពូល​ជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះ​បើតាម CNN ដកស្រង់ការ​ចេញផ្សាយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មានអាមេរិក CNN​ តាមរយៈប្រភព​ដែលខ្លួនទទួលបានឱ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង លោក គីម យ៉ុង ចុល (Kim Yong-chol) ត្រូវបានគេរំពឹងថា នឹងទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់)​ សម្រាប់ការ​បំពេញដំណើរ ទស្សនកិច្ចរយៈពេល ០២ថ្ងៃ។ លើសពីនេះ​ទៅទៀត នៅអំឡុង​ដំណើរទស្សនកិច្ច​នេះ លោក គីម នឹងត្រូវជួប​ពិភាក្សាការងារ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ​ ពាក់ព័ន្ធនឹង​ការរៀបចំជំនួប​កំពូល​អាមេរិក-កូរ៉េខាងជើង​ជាលើកទី ២។

គួរជម្រាបថា បើតាម CNN លោក គីម យ៉ុង ចុល និងមន្ត្រីកូរ៉េខាងជើង ០២រូបទៀត នឹងត្រូវចាកចេញ​ដំណើរពីទីក្រុង​ប៉េកាំង ឆ្ពោះទៅកាន់​ទីក្រុងវ៉ាស៊ីនតោន នៅម៉ោង ៦៖២៥នាទី ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅ​កូរ៉េខាងជើង)។ ប៉ុន្តែ មកទល់នឹងពេល​នេះ ពុំទាន់មានព័ត៌មាន​ច្បាស់ការ ឬផ្លូវការណា​មួយបញ្ជាក់ថា អតីតប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់កូរ៉េខាងជើង​រូបនេះ ស្ថិតនៅ​យន្ដហោះនេះ​ដែរ ឬយ៉ាងនោះទេ៕