(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ការបាញ់បង្ហោះ​ផ្កាយរណបដោយប្រើ​បច្ចេកវិទ្យាមីស៊ីល បាលិស្ទីគ​របស់អ៊ីរ៉ង់ ទោះបីជាបានបរាជ័យ​ទៅហើយក៏ដោយ តែវាគឺជាទង្វើ​រំលោភលើដំណោះស្រាយ​ក្រុមប្រឹក្សា​សនិសុខ និងជាការគំរាម​កំហែង​ដល់ទ្វីបអឺរ៉ុប និងតំបន់​មជ្ឈិមបូព៌ា​ទាំងមូល។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញ​ផ្សាយនៅថ្ងៃអង្គារ​សប្ដាហ៍នេះ ជាមួយការ​បញ្ជាក់ឡើងវិញថា ការបាញ់​បង្ហោះផ្កាយរណប​របស់អ៊ីរ៉ង់ គឺមានចេតនា​អភិវឌ្ឍន៍ បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលមាន​សមត្ថភាពបាញ់​ដល់ទ្វីប​អឺរ៉ុប។

នៅក្នុង​​សេចក្ដីថ្លែងការណ៍​ដដែល លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បានលើក​ឡើងយ៉ាងដូច្នេះថា «ការបាញ់​បង្ហោះផ្កាយរណប ដោយប្រើគ្រាប់រ៉ុក្កែតរបស់​អ៊ីរ៉ង់ ទោះជាបីជាបានបរាជ័យក៏ពិតមែន តែវាគឺជាទង្វើរំលោភ​លើដំណោះស្រាយ​ នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ 2231... ហើយការ​បាញ់បង្ហោះនេះ​ទៀតសោត បានបង្ហាញជា​ថ្មីថា អ៊ីរ៉ង់កំពុងបន្តអភិវឌ្ឍន៍​មីស៊ីលបាលិស្ទីគ​អន្តរទ្វីប ដែលមានសមត្ថភាព​បាញ់ដល់​ទ្វីបអឺរ៉ុប និងតំបន់​មជ្ឈិមបូព៌ា​ទាំងមូល»

គួរបញ្ជាក់ថា ទោះបីជាមានការព្រមានដាក់ទណ្ឌកម្មពីលោក ប៉ុមប៉េអូ ក៏ដោយ ក៏អ៊ីរ៉ង់នៅតែរឹងរូសបាញ់បង្ហោះផ្កាយរណបមួយ​គ្រឿង ដែល​ត្រូវបានផលិតនៅក្នុងស្រុក​ឈ្មោះ ផេយ៉ាម (Payam) កាលពីពេល​ថ្មីៗនេះដដែល ហើយបាន​បរាជ័យដោយវា​មិនអាចហោះចូល​ទៅដល់​គន្លងគោចរ​នៃភពផែនដី​ឡើយ។ ប៉ុន្តែអ៊ីរ៉ង់បានសន្យាថា នឹងបាញ់បង្ហោះផ្កាយរណប​នេះ​ជាលើកទី ២ នៅក្នុងពេល​ឆាប់ៗ​៕