(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងសំឡឹង​មើល ដោយមិន​ដាក់ភ្នែកនោះឡើយ ទៅលើចេតនា​របស់ចិន​​ចំពោះ​តៃវ៉ាន់ ជាមួយ​ក្តី​ព្រួយបារម្ភថា ការកើនឡើង​នៃអំណាចយោធា​របស់ទីក្រុង​ប៉េកាំង អាចនឹងធ្វើឲ្យមាន​ហានិភ័យកាន់តែ​ខ្លាំងថា នាថ្ងៃណាមួយ​ចិននឹងប្រើកម្លាំង​បាយ ដើម្បីសង្រ្គប់កាន់កាប់ដែនដី​កោះនេះតែម្តង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​ Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

​មន្រ្តីយោធាផ្នែក​ស៊ើបការណ៍សម្ងាត់​​​មួយរូប របស់សហរដ្ឋអាមេរិក​បានបង្ហើប​ឲ្យដឹងថា ទោះបីជា​យោធាចិន​ដែលគេហៅ​កាត់​ថា PLA ទំនង​ជានឹង​មិនជ្រើសយក​ជម្រើសខាងលើ​ក៏ដោយ ក៏ប៉ុន្តែលទ្ធភាព​ដែលថា ទីក្រុងប៉េកាំងនឹងសម្រេចធ្វើយ៉ាងដូច្នោះ​​នោះ គឺជាក្តីព្រួយបារម្ភ​ធំមួយ ស្របពេលដែលចិន​កំពុងបន្តពង្រីក និងធ្វើទំនើបកម្ម​សមត្ថភាព​យោធា​របស់ខ្លួន។

មន្រ្តីរូបនេះបាន​​និយាយថា «បញ្ហាដែលធំ​បំផុត​នោះ គឺយោធាចិន​កំពុងឆ្ពោះទៅរក​ចំណុច​មួយ​​ដែលបណ្តាថ្នាក់​ដឹកនាំ PLA អាច​ប្រាប់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ថា​ពួកគេ​​ពិតជាជឿជាក់​លើសមត្ថភាព​យោធាចិន»។ នៅពេលសួរថា តើ​លោក​​ចង់​​សំដៅលើ​​​ភាពជឿជាក់​នឹងទទួលជ័យជម្នះក្នុង​ការប្រយុទ្ធជាមួយ​តៃវ៉ាន់ មន្រ្តីយោធាអាមេរិក​រូបនេះបាន​ឆ្លើយថា «វានឹង​ជាបញ្ហាគួរ​ឲ្យបារម្ភបំផុត​សម្រាប់ខ្ញុំ»

គួរជម្រាបថា តៃវ៉ាន់គ្រាន់​ជាបញ្ហា​មួយប៉ុណ្ណោះ ក្នុងចំណោមបញ្ហាតានតឹងធំៗ​នៃទំនាក់ទំនង​ចិន-អាមេរិក ដោយក្នុងនោះរួម​មាន​ទាំង​សង្រ្គាមពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ការដាក់ទណ្ឌកម្ម​របស់អាមេរិកលើ​​យោធាចិន និង​ការដំឡើង​សាច់ដុំរបស់​យោធាចិន​នៅសមុទ្រចិនខាងត្បូង​ជាដើម៕