(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Peña Nieto ធ្លាប់បានទទួលប្រាក់សំណូកជាង១០០លានដុល្លារពីសេ្ដចគ្រឿង​ញៀន Joaquin Guzman ឬគេស្គាល់ថា El Chapo នៅអំឡុងពេលកាន់អំណាច។ នេះបើតាមសាក្សីម្នាក់ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

សាក្សីម្នាក់ឈ្មោះ Alex Cifuentes ដែលជាដៃស្ដាំរបស់ El Chapo អស់រយៈពេលជាច្រើនឆ្នាំ បានប្រាប់តុលាការមួយក្នុងរដ្ឋញូយ៉ក នៅថ្ងៃអង្គារសប្ដាហ៍នេះថាលោកបានប្រាប់អាជ្ញាធរពីរឿងទទួលប្រាក់សំណូកនេះតាំងតែពីឆ្នាំ២០១៦មកម្លេះ។ លើសពីនេះទៅទៀត បុរស​រូបនេះថែមទាំងបញ្ជាក់ដែរថា លោក Peña Nieto ធ្លាប់បានទាមទារប្រាក់២៥០លានដុល្លារឯណោះ មុននឹងព្រមទទួលយកលុយ១០០លាន​ដុល្លារពីសេ្ដចគ្រឿងម៉ិចស៊ីកូ ហើយការប្រគល់ប្រាក់នេះទៀតសោត ធ្វើឡើងនៅក្នុងទីក្រុង Mexico City កាលពីខែតុលា ឆ្នាំ២០១២ តាមរយៈ មិត្តភក្តិម្នាក់របស់ El Chapo។

ប៉ុន្តែភ្លាមៗនោះដែរ អតីតប្រធានាធិបតីម៉ិចស៊ីកូ លោក Peña Nieto ដែលកាន់អំណាចពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ បានច្រានចោលការចោទ ប្រកាន់នេះ ដោយហៅវាថាជារឿងប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា សេ្ដចគ្រឿង​ញៀន Joaquin Guzman មានអាយុ៦១ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Brooklyn នៃរដ្ឋញូយ៉ក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក បន្ទាប់ពីត្រូវធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក និងក្រោយត្រូវបានចាប់ខ្លួនជាលើកទី៣ កាលពីឆ្នាំ២០១៦ នៅ ប្រទេសម៉ិចស៊ីកូ។ Guzman ត្រូវបានគេចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងជាមេដឹកនាំក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំបំផុតនៅលើ ពិភពលោកឈ្មោះ Sinaloa៕