(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស្រី Theresa May នឹងព្យាយាមបង្ខំឲ្យ​សភា​ធ្វើការបោះឆ្នោតជាលើកទីពីរ​​លើ​កិច្ចព្រមព្រៀងដកប្រទេសលោកស្រីចេញពីសហភាពអឺរ៉ុប (Brexit) ខណៈលោកស្រីកំពុងប្រឈមមុខនឹង​ភាពបរាជ័យ​ក្នុងការ​បោះឆ្នោតនាថ្ងៃអង្គារនេះ។ នេះបើតាមការសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដកស្រង់ខ្លឹមសារដោយសារ​ព័ត៌​មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ​ឆ្នាំ២០១៩។​

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអង់គ្លេសបានបង្ហើបឲ្យដឹងថា​ អធិការ​​បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហុចដៃជួយលោកស្រី May ក្នុងនាទីចុងក្រោយតាមរយៈការបញ្ជាក់ថា សហភាព​អឺរ៉ុបអាចផ្តល់សម្បទានបន្ថែមទៀត ពោលគឺអាចមានការចរចាគ្នាជាថ្មី ប្រសិនបើសមាជិកសភាអង់គ្លេស​សម្រេចបោះឆ្នោតមិនទទួលយក​​កិច្ចព្រមព្រៀង Brexit របស់​​លោក​ស្រី May​។

គួរជម្រាបថា សភាចក្រភពអង់គ្លេសត្រូវគេរំពឹងថា នឹងបោះឆ្នោតជំទាស់នឹង​កិច្ចព្រមព្រៀង Brexit ដែលលោកស្រី May បាន​ខិតខំចរចានាពេលកន្លងមកនេះជាមួយសហភាពអឺរ៉ុប។ អង់គ្លេសនឹងត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុប​នៅថ្ងៃទី២៩ ខែមីនា​ ខណៈ ប្រសិនបើលក្ខខណ្ឌនានា​ នៅក្នុងដំណើរការដកខ្លួនចេញពីនេះ ពុំ​ត្រូវបានព្រមព្រៀងគ្នា ហើយ​ពុំមានការចាត់​វិធាន​ការ​​ផ្សេង​​ទៀត​ទេនោះ ទំនាក់ទំនងទាំងអស់នឹង​ត្រូវកាត់ផ្តាច់ភ្លាមៗ គឺមានន័យថាវាជា Brexit ពុំមានកិច្ចព្រមព្រៀងរវាងគ្នា ដែល​លោក​ស្រី May ធ្លាប់បានព្រមានថានឹងប៉ះពាល់ជាខ្លាំងដល់ចក្រភពអង់គ្លេស៕