(ប៉េកាំង)៖ គណបក្សកុម្មុនិស្តចិន បានផ្ញើសារចូលរួមអបអរសាទរចំពោះ​ បេសកកម្មរុករកលើឋានព្រះច័ន្ទ «Chang'e-4 (ឆាងអឺទី៤)» ដែលទីភ្នាក់ងារអវកាសចិន ទើបបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះថា បានទទួលជោគជ័យទាំងស្រុង។ នេះ​បើ​តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

បក្សកុម្មុយនិស្តចិន បានធ្វើការស្ញើចសរសើរដល់​បេសកកម្ម Chang'e-4 ថា ជាសមិទ្ធិផលជោគជ័យដ៏​អស្ចារ្យ​មួយទៀត​ នៅក្នុង​​​​វិស័យអវកាស និងជាសញ្ញាដ៏សំខាន់មួយនៃការបោះជំហានរបស់ចិន ដើម្បីឆ្ពោះទៅរកការក្លាយខ្លួន​ជាប្រទេស​ដ៏រឹងមាំមួយក្នុងផ្នែករុករកនៅទីអវកាស។

គួរជម្រាបថា ការប្រកាសជោគជ័យទាំងស្រុងនៃបេសកកម្ម Chang'e-4 នៅថ្ងៃនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារ​​អវកាសចិន CNSA បានមើលឃើញថា អ្វីៗទាំងអស់ដំណើរការទៅយ៉ាងរលូន បន្ទាប់ពីយានអវកាសនេះ បានចុះទៅ​ដល់​ផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទកាលពីថ្ងៃទី០៣ ខែមករា ហើយនាពេលនេះ​យាន Chang'e-4 រួមនិងយានចល័ត​​​​មួយ​គ្រឿងទៀតឈ្មោះថា «Yutu-2» ដែលវានាំយកទៅជាមួយ នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវរបស់ពួកវា​ជា​ផ្លូវ​ការ​នៅ​ទីនោះ​៕