(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ បានរកឃើញសាកសពមនុស្ស២១នាក់ ដែលត្រូវបានគេដុតឱ្យឆេះខ្លោចនៅក្នុងរដ្ឋ Tamaulipas ជាប់ព្រំដែន ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅ​យប់​ថ្ងៃ​សុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរម៉ិចស៊ីកូ សាកសពមនុស្សទាំង២១នាក់ខាងលើ ទំនងជាជនរងគ្រោះនៃ​ការ​វាយ​ប្រយុទ្ធ​រវាង​ក្រុម​ឧក្រិដ្ឋជនជួញដូរគ្រឿង​ញៀន ហើយត្រូវបានគេឃើញនៅក្នុងរថយន្ដ០៧គ្រឿង ដែល​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​​ចោល​នៅ​ក្បែរ​ទីក្រុង Ciudad Miguel Aleman រដ្ឋ Tamaulipas ស្ថិតនៅចំងាយ២៧០គីឡួម៉ែត្រពីទីក្រុង McAllen រដ្ឋ Texas ជាទី​ដែល​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបំពេញ ដំណើរទស្សនកិច្ច។

គួរបញ្ជាក់ថា រដ្ឋ Tamaulipas ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសម៉ិចស៊ីកូ គឺជា​តំបន់​ជួញ​ដូរគ្រឿង​ញៀន​មួយ​ដ៏​សំខាន់ និងជាទីដែលការ សម្លាប់រង្គាលតែងតែកើតឡើងជាញឹញយរវាងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ិចស៊ីកូជាច្រើន ចាប់តាំងពីរដ្ឋាភិបាលម៉ិចស៊ីកូ ដាក់​ពង្រាយ​យោធា​បង្រ្កាប​គ្រឿង​ញៀន​កាលពីឆ្នាំ២០០៦មក មនុស្សច្រើនជាង២០០,០០០នាក់ ត្រូវបានសម្លាប់ ហើយក្នុងនោះ២៨,៧១១នាក់ ត្រូវ​បាន​សម្លាប់​កាលពីឆ្នាំ២០១៧៕