(វ៉ាស៊ីនតោន)៖ កងទ័ពអាកាស​អាមេរិក​នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេច​ទទួលយក​យន្តហោះ KC-46A ​ពីក្រុម​ហ៊ុន Boeing ដែលនឹង​ត្រូវប្រើប្រាស់សម្រាប់ ប្រតិបត្តិការចាក់បញ្ចូល​សាំងឲ្យយន្តហោះយោធា​ដទៃទៀត នៅលើ​ផ្ទៃអាកាស។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១១​ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុន Boeing បានឲ្យដឹងថា យន្តហោះ KC-46A Pegasus ចំនួន​ ០៤គ្រឿងដំបូង នឹង​ត្រូវ​ប្រគល់​ឲ្យ​​មូល​ដ្ឋាន​ទ័ព​​អាកាស​អាមេរិក ម៉ាកខុនណែល (McConnell) ដែលស្ថិត​ក្នុងរដ្ឋ កាន់សាស់ (Kansas) នៅចុងខែនេះ ខណៈ០៤គ្រឿង​ទៀត នឹងបញ្ជូនទៅ​ដល់​បន្ទាយ​ អាល់ទុស (Altus) ក្នុងរដ្ឋ អូក្លាហូម៉ា (Oklahoma) នៅអំឡុង​ដើម​ខែកុម្ភៈ។

គួរជម្រាបថា ក្រុមហ៊ុន Boeing កំពុងស្ថិតក្នុង​កិច្ចសន្យាស្តីពីការប្រគល់​​យន្តហោះ KC-46C ចំនួន ៥១គ្រឿង​​​ក្នុង​ចំណោម​​ ១៣៩គ្រឿង ​ដែលគេរំពឹងទុក​ឲ្យ​កងទ័ព​អាកាស​អាមេរិក។ ការបោះជំហាននេះ​បានកើតឡើង បន្ទាប់​មានការ​អូស​​បន្លាយ​ពេលអស់ ០២ឆ្នាំ ដែលបាន​ធ្វើឲ្យ Boeing ខាតបង់ប្រាក់ ​០៣ពាន់លានដុល្លារ សម្រាប់កម្មវិធី​អភិវឌ្ឍន៍​យន្តហោះ KC-46C នេះ។​

ម៉្យាងវិញទៀត ក្រុមយន្តហោះ KC-46A ដំបូងៗ ដែលត្រូវប្រគល់ឲ្យកងទ័ពអាមេរិក នៅមានបញ្ហាមួយចំនួន​ក្នុង​ប្រព័ន្ធ​ពួក​វា ដែល​ពុំទាន់ដោះស្រាយ​រួចនៅឡើយទេ ហើយ​ក្រុមហ៊ុន Boeing បានយល់ព្រម​បន្តជួសជុលបញ្ហាទាំងនោះ​​ ក្រោយ​ការ​បញ្ជូនដល់ដៃយោធា​អាមេរិក៕