(ប៉េកាំង)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កិច្ចពិភាក្សា​ថ្នាក់អនុរដ្ឋមន្រ្តី​ស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសចិន​ និងអាមេរិក​បានបិទបញ្ចប់នៅ​ក្រុងប៉េកាំង​។ នេះជាកិច្ច​ពិភាក្សាផ្ទាល់ជា​លើកដំបូង ក្នុងន័យអនុវត្តគំនិត​ឯកភាពដ៏​សំខាន់ នៃកិច្ចជំនួបរវាងប្រមុខរដ្ឋ​ចិន និងអាមេរិកនៅ​ប្រទេស​អាហ្សង់ទីន ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងលម្អិត​អំពីបញ្ហា​ពាណិជ្ជកម្ម និងបញ្ហារចនាសម្ព័ន្ធ​ដែលភាគីទាំងពីរ​បានយកចិត្តទុក​ដាក់ដូចគ្នា ដែលជាមូលដ្ឋាន​សម្រាប់ដោះស្រាយ​បញ្ហា ប្រកប​ដោយ​ការយកចិត្តទុកដាក់​រៀងៗខ្លួន។

មើលតាមលទ្ធផល​នៃកិច្ចពិភាក្សា​លើកនេះ គំនិតឯកភាព​របស់ភាគីទាំងពីរ​លើវិស័យ​ពាណិជ្ជកម្ម ដូចជាការ​ដែលឲ្យប្រទេសចិន​ពង្រីកការនាំចូល​កសិផល និងផលិតផល​ថាមពលពី​សហរដ្ឋអាមេរិក នឹងអាចបំពេញ​តម្រូវការរបស់​ប្រជាជនចិន​ ចំពោះជីវភាព​ដែលមាន​គុណភាពខ្ពស់ និងជំរុញឲ្យសេដ្ឋកិច្ច​វិវឌ្ឍន៍រីកចម្រើន ប្រកបដោយ​គុណភាព​ខ្ពស់ផងដែរ។

នៅក្នុងកិច្ចពិគ្រោះ​ពិភាក្សា ភាគីអាមេរិកបាន​លើកពីបញ្ហាភាព​ជារចនាសម្ព័ន្ធ ក្នុងនោះ​មានពាក់ព័ន្ធនឹងរបប​សន្តិសុខ និងមនសិការ​របស់ប្រទេសចិន ដូច្នេះភាគីចិនមិន​អាចទទួលយក​បានឡើយ ប៉ុន្តែមានបញ្ហាខ្លះ​មានទិសដៅស្របជាមួយនឹង​ការធ្វើឲ្យកំណែងទម្រង់​កាន់តែស៊ីជម្រៅ និងពង្រីកការបើក​ចំហរបស់​ប្រទេសចិន បញ្ហាទាំងនេះ​គឺស្ថិតក្នុងដំណើរដោះស្រាយ​ ឬកំពុងជំរុញ​ឲ្យដោះស្រាយ។

ទោះបីមាន​ជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសចិន និងអាមេរិក ឬអត់ក៏ដោយ ក៏ប៉ុន្តែបញ្ហា​ដូចជាការការពារ​កម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការ​ផ្នែកបច្ចេកទេស ការអនុញ្ញតចូលរួមទីផ្សាររបាំងមិនមែន​ពន្ធគយជាដើម សុទ្ធតែជាបញ្ហា​ដែលប្រទេសចិនចាំ​បាច់ត្រូវតែដោះស្រាយ នៅក្នុងដំណើរ​សម្រេចការអភិវឌ្ឍ​ដោយគុណភាពខ្ពស់។ កិច្ចពិគ្រោះពិភាក្សា​ថ្នាក់អនុរដ្ឋមន្ត្រី​ស្តីពីបញ្ហាសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​រវាងប្រទេសចិន និង
អាមេរិកបាន​ឈានដល់គំនិតឯកភាព​លើបញ្ហាទាំងនេះ គឺវាសមស្របនឹង​ទិសដៅរបស់​ប្រទេសចិន​ស្តីពីការធ្វើឲ្យ​កំណែទម្រង់ និងការបើក​ចំហកាន់តែ​ស៊ីជម្រៅ។

បន្ទាប់ពីជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងចិន និងសហរដ្ឋអាមេរិក​មានកម្រិតកាន់ តែធ្ងន់ធ្ងរអស់​ជាង ៩ខែមក ប្រទេសទាំងពីរ​ទទួលបាន​ការវិវឌ្ឍលើការពិគ្រោះពិភាក្សា​ថ្នាក់អនុរដ្ឋមន្រ្តី មូលហេតុសំខាន់​មួយ គឺប្រទេសទាំងពីរ​រហូតដល់ទូទាំងពិភពលោក​ សុទ្ធតែចាប់អារម្មណ៍​ដល់ភាពឈឺចាប់​ ដែលបណ្តាល​មកពីសង្គ្រាម​ពាណិជ្ជកម្ម។

ការសែតញូយ៉កថែម​បានសម្គាល់​ឃើញថា សង្គ្រាមពាណិជ្ជកម្ម​បាននាំឲ្យទីផ្សារ​ហិរញ្ញវត្ថុ និងស្រទាប់សេដ្ឋកិច្ច​ត្រូវបង់តម្លៃកាន់​តែច្រើន​ឡើងៗ ធ្វើឲ្យមនុស្ស​ទាំងឡាយព្រួយបារម្ភ​ពីមួយថ្ងៃទៅ​មួយថ្ងៃ។ ជាក់ស្តែងណាស់ការឈានដល់​កិច្ចព្រមព្រៀងសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ចុងក្រោយ គឺមិនគ្រាន់តែជា​ក្តីបំណងរួមរបស់​ប្រទេសទាំងពីរ​ចិន និងសហរដ្ឋអាមេរិក​នោះទេ ថែមទាំងជាការ​រំពឹងរួមរបស់ពិភពលោក​ទាំងមូល​ផងដែរ។

ដោយសារបញ្ហា​ជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង​ចិននិងសហរដ្ឋអាមេរិក​មានលក្ខណៈស្មុគស្មាញ ប្រទេសចិនបាន​ខិតខំប្រឹងប្រែងដោយ​ពេញទំហឹង ដើម្បីដោះស្រាយ​ការខ្វែងគំនិតរវាង​ប្រទេសទាំងពីរ ដោយបង្ហាញពី​ភាពស្មោះត្រង់បំផុត តែការឈានដល់កិច្ចព្រមព្រៀងចុងក្រោយ គឺត្រូវការការខិតខំ​ប្រឹងប្រែងរួម​របស់ប្រទេសទាំងពីរ​ចិន និងសហរដ្ឋអាមេរិក​ដដែល ៕