(វ៉ាស៊ីនតោន)៖ បរិក្ខាយោធា​មួយចំនួនរបស់កងទ័ព​អាមេរិក ត្រូវបាននាំ​យកចេញពី​ប្រទេសស៊ីរី​ហើយ ក្នុងអំឡុងប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ។ នេះបើតាម​សេចក្តីរាយកាណ៍​នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

ដំណឹងខាងលើ​ត្រូវបានចុះផ្សាយដោយ​ស្ថានីយទូរទស្សន៍​អាមេរិក CNN ដែលទទួល​បានព័ត៌មាន​ពីមន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល​​អាមេរិក​​ម្នាក់ ដែលមានចំណេះ​ដឹងផ្ទាល់​អំពីប្រតិបត្តិការ​នេះ ​ប៉ុន្តែមន្រ្តីរូបនេះ​មិនបានបង្ហើបប្រាប់​ឲ្យដឹងពីព័ត៌មាន​លម្អិត​​អ្វី​ជាងនេះ​ឡើយ ដូចជាថាតើបរិក្ខាយោធា​ទាំងនោះជាអ្វីខ្លះ ហើយត្រូវបាន​ដឹកជញ្ជូន​យកចេញ​តាមផ្លូវគោក ឬក៏ផ្លូវអាកាស​។

គួរជម្រាបថា សកម្មភាពនេះ​ទំនងធ្វើឡើងក្រោមគោលបំណង បង្ហាញពី​ដំណើរការ​​ទៅមុខ​​ជាបណ្តើរៗ​នៃគម្រោង​​ដកទ័ព​ចេញពីស៊ីរី ពីសំណាក់ក្រសួងការពារជាតិអាមេរិក ដើម្បីឲ្យ​លោក ដូណាល់ ត្រាំ បានឃើញ។ បច្ចុប្បន្ន​កងទ័ពអាមេរិក​​ប្រហែល​ ២,០០០នាក់ កំពុងឈរជើង​នៅប្រទេសស៊ីរី ចំពោះផែនការ​ដ៏ទ័ពចេញរបស់​លោក ដូណាល់ ត្រាំ តែ​មិនដឹងថា នឹងត្រូវអនុវត្តន៍​ពេលណា​ឲ្យជាក់លាក់​នៅឡើយ៕​​