(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា ទីណាក៏ដោយ​ឱ្យតែមាន​សហរដ្ឋអាមេរិក​លូកដៃ ទីនោះតែងតែ​ជួបភាព​ចលាចល និងសង្រ្គាម។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

លោក Zarif ធ្វើការកត់សម្គាល់​បែបនេះ​ ជាការឆ្លើយតប​ទៅនឹងរដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉ែអូ ដែលបានលើក​ឡើងកាលពី​ថ្ងៃព្រហស្បតិ៍ អំឡុងពេលបំពេញ​ទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបថា ទីក្រុងវ៉ាស៊ីនតោន​នឹងកម្ចាត់​ឥទ្ធិពល​អ៊ីរ៉ង់ឱ្យអស់​ចេញពី​ប្រទេស​ស៊ីរី។ មិនតែ​ប៉ុណ្ណោះ​​លោក ប៉ុមប៉េអូ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិក​នឹងមិន​ផ្ដល់ជំនួយ​កសាងប្រទេសឡើងវិញ​ ដល់តំបន់គ្រប់គ្រង​ដោយរដ្ឋាភិបាល​​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់អាស្សាដ ជាដាច់ខាត​រហូតទាល់តែអ៊ីរ៉ង់​ដកខ្លួនចេញពី​ស៊ីរីជាមុន​សិន។

តែយ៉ាងណាក៏ដោយ​ជាការឆ្លើយតប​ថ្លែងនៅលើ Twitter រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់ លោក Zarif បាននិយាយ​បែបចំអកដាក់​លោក ប៉ុមប៉េអូ វិញថា​ទីណាក៏​ដោយឱ្យ​តែមានសហរដ្ឋអាមេរិកលូកដៃ ទីនោះតែងតែ​ជួបភាព​ចលាចល និង​សង្រ្គាម។ លោក Zarif បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា ​«ពេលណាក៏ដោយ និងនៅទីណាក៏​ដោយឱ្យតែមាន​សហរដ្ឋអាមេរិកលូកដៃ ទីនោះតែងតែជួបភាពចលាចល ​ការគាបសង្កត់ និងសង្រ្គាម ជានិច្ច... ដូច្នេះគ្មាន​ថ្ងៃទទួលយកគំរូសិទ្ធិ​មនុស្ស តាម​សហរដ្ឋអាមេរិក​ឡើយ»

គួរបញ្ជាក់ថា កាលពីចុង​ឆ្នាំ២០១៨ កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ដកកងទ័ពអាមេរិកជាង ២,០០០នាក់​ចេញពីស៊ីរីដោយអះអាងថា ក្រុម ISIS ត្រូវបាន​កម្ចាត់។ ប៉ុន្តែក្រោយ​ការប្រកាស​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ចេម ម៉ាត់ទីស (James Mattis) បានសម្រេចចិត្តលាលែង​ចេញពី​តំណែង រីឯបណ្ដា​សម្ព័ន្ធ​មិត្ត​អាមេរិក​ជាពិសេសគឺបារាំង​បានរិះគន់ លោក ត្រាំ យ៉ាងខ្លាំង ដោយសារ​សំអាងថា ការដកខ្លួនរបស់​អាមេរិក​អាចនឹងផ្ដល់ឱកាស​ឱ្យ ISIS ប្រមូលកម្លាំង​ឡើងវិញ ហើយរុស្ស៊ី និងអ៊ីរ៉ង់កាន់តែមាន​ឥទ្ធិពលនៅតំបន់​មជ្ឈិមបូព៌ា៕

Advertising