(ប៉េកាំង)៖ យោធាចិនបានចល័ត​ប្រព័ន្ធមីស៊ីល​ប្រឆាំងនាវាស៊េរីថ្មីរបស់ខ្លួន DF-26 ទៅកាន់ចុងភាគឦសាននៃផ្ទៃ​ប្រទេស ​ដែលទំនងជាការឆ្លើយតប​ចំពោះ ការបញ្ជូននាវាពិឃាតរបស់សហរដ្ឋអាមេរិក ចូលមកកាន់សមុទ្រចិនខាងត្បូង។ នេះបើ​តាម​សេចក្តីរាយការណ៍របស់សារព័ត៌មានចិន Global Times ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

យ៉ាងណាមិញ វាមិនច្បាស់នោះទេថា តើប្រព័ន្ធមីស៊ីលខាងលើត្រូវបានចល័តនាពេលណា ហើយការចល័ត​ប្រព័ន្ធ​មីស៊ីល​ទាំងនេះ គឺជាការដាក់ពង្រាយជាអចិន្ត្រៃយ៍ ឬ​ក៏ធ្វើឡើង​ក្នុងអំឡុងសមយុទ្ធយោធា។ ប៉ុន្តែយោងតាមការ​គូសបញ្ជាក់​របស់ Global Times ប្រព័ន្ធមីស៊ីលនេះ មានរយៈចម្ងាយវាយប្រហារ​ឆ្ងាយ​គ្រប់គ្រាន់រហូតដល់សមុទ្រចិន​ខាង​ត្បូង។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងនាវាជើងទឹកអាមេរិក បានធ្វើបេសកកម្មសេរីភាពនាវាចរណ៍​ថ្មីមួយ​​ទៀត​នៅសមុទ្រចិនខាងត្បូង តាមរយៈការបញ្ជូននាវាពិឃាត USS McCampbell មកក្បែរប្រជុំកោះ Paracel ដែលស្ថិត​ក្រោម​ការទាមទារចំណែក​រវាង​ចិន​ វៀតណាម និងតៃវ៉ាន់៕​