(ប៉េកាំង)៖ ក្រសួង​ពាណិជ្ជកម្មចិន​នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា កិច្ចចរចា​ពាណិជ្ជកម្ម​ក្នុង​ទីក្រុងប៉េកាំងជាមួយ​ក្រុមមន្ត្រី​ពាណិជ្ជកម្ម អាមេរិកបាន​បង្កើតជាមូលដ្ឋានគ្រឹះ​មួយក្នុងការបន្តស្វែងរក​ដំណោះស្រាយ សម្រាប់បញ្ហា​ដែលភាគីទាំងពីរ​កំពុងព្រួយបារម្ភ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងពាណិជ្ជកម្ម​ចិន​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «កិច្ចចរចាពាណិជ្ជកម្ម​ក្នុងទីក្រុងប៉េកាំង​ជាមួយ ក្រុមមន្ត្រីពាណិជ្ជកម្ម​អាមេរិក​បានបង្កើត​ជាមូលដ្ឋានគ្រឹះ​មួយ ក្នុងការបន្តស្វែងរក​ដំណោះស្រាយ​ សម្រាប់បញ្ហាដែលភាគី​ទាំងពីរកំពុង​ព្រួយ​បារម្ភ... មិនតែប៉ុណ្ណោះ ភាគីទាំងពីរថែម​ទាំងបានព្រមព្រៀងគ្នាថា នឹងបន្តរក្សាការ​ទាក់ទងគ្នាឱ្យកាន់តែ​ជិតស្និទ្ធទៀតផង»។

ប៉ុន្តែទន្ទឹមគ្នា​​នោះ​ក្រុមមន្ត្រី​អាមេរិក​​ក៏ចង់ឱ្យទីក្រុងប៉េកាំង​ទិញផលិតអាមេរិក​បន្ថែម ដើម្បីដោះស្រាយ​ឱនភាពពាណិជ្ជកម្ម ក៏ដូចជាបង្កើន​ការបើក​ចំហរឱ្យ អ្នកវិយោគបរទេស​ចូលក្នុងផ្សារចិន​ផងដែរ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក​បានបំពេញដំណើរទស្សនកិច្ច​មកកាន់ទីក្រុងប៉េកាំង ពីថ្ងៃទីចន្ទ​ ដល់ថ្ងៃពុធ ដើម្បីចូលរួម​ក្នុងកិច្ចចរចា ពាណិជ្ជកម្មជា​មួយភាគីចិន ជាលើកដំបូងបំផុត​ចាប់តាំង​ពីលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា​កាលពីខែធ្នូ កន្លងទៅ លើការផ្អាកការ​ធ្វើសង្រ្គាមពាណិជ្ជ​កម្មរយៈពេល ០៣ខែ៕