(វ៉ាស៊ីនតោន)៖ ប្រព័ន្ធឡូជីស្ទីកយោធា​នាពេលបច្ចុប្បន្នរបស់​សហរដ្ឋអាមេរិក គឺមិន​អាច​ដំណើរ​ការ​​​ទៅ​បាន​យ៉ាង​រលូន​​ឡើយ នៅក្នុងករណី​ដែល​មានសង្រ្គាមផ្ទុះ​ឡើងរវាងទីក្រុងវ៉ាស៊ីន​តោន និងរុស្ស៊ី ឬក៏ជាមួយចិននោះ។ នេះបើតាមរបាយការណ៍​ផ្ទៃក្នុងមួយរបស់ក្រសួងការពារជាតិអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

ចាប់តាំងពីសម័យ​សង្រ្គាមត្រជាក់ត្រូវ​បានបញ្ចប់មក សហរដ្ឋអាមេរិក​មិនបានធ្វើសង្រ្គាមជាមួយ​​គូសត្រូវណា ដែលមាន​សមត្ថភាព​បង្កការរំខានធ្ងន់ធ្ងរ​ ដល់បណ្តាញផ្គត់ផ្គង់ផ្នែក​យោធា ឬក៏ដល់ការដាក់​ពង្រាយកងទ័ព ឬក៏បរិក្ខាទ័ព​នោះ​ឡើយ ដូច្នេះហើយ​​ប្រព័ន្ធ​ឡូជីស្ទីករបស់​ក្រសួងការពារជាតិ​អាមេរិក មិនបានទទួលការ​យកចិត្តទុកដាក់ និងខ្វះខាត​​ថវិកាឧបត្ថម្ភ​ជាខ្លាំង​។

ម៉្យាងវិញទៀត ប្រសិនបើគ្មាន​ប្រព័ន្ធផ្គត់ផ្គង់ធនធាន​ ទៅឲ្យកងទ័ពប្រកប​ដោយប្រសិទ្ធភាព​ទេនោះ ការ​ខិតខំអភិវឌ្ឍន៍​​ក្បួន​យុទ្ធ​សាស្រ្ត និងបច្ចេកវិទ្យាទំនើបៗនឹងក្លាយជារឿង​អាសាបង់ ហើយបើនៅតែ​ពុំមានការរវីរវល់ខ្វាយខ្វល់​​កាន់​តែយូរទៀត​នោះ​ សហរដ្ឋ​អាមេរិក​នឹងធ្លាក់ក្នុងហានិភ័យ​ នៃការបាត់បង់​សមត្ថភាពរក្សាឥទ្ធិពល​របស់ខ្លួន ដើម្បីប្រយុទ្ធតទល់​នឹងគូ​ប្រជែង​ ដែលពោរពេញដោយយុទ្ធសាស្រ្តថ្មីៗ។ ហេតុដូចនេះ​បណ្តាញឡូជីស្ទីកយោធា​អាមេរិក ត្រូវការជាចាំបាច់នូវការ​​ធ្វើ​ទំនើប​​កម្ម​​​ឲ្យ​ទាន់​ស្ថានភាពបច្ចុប្បន្ន៕