(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន បានសម្ដែង​ការស្វាគមន៍ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុ សម្រាប់ ការផ្ដល់កិច្ចសហប្រតិបត្តិការឡើងវិញ នូវគម្រោងអន្តរកូរ៉េជាច្រើន ហើយ​លោក មូន ក៏បានសន្យា​ផងដែរថា នឹងរួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បីដោះស្រាយ​ទណ្ឌកម្មលើ​កូរ៉េខាងជើង ឲ្យបានឆាប់បំផុតតាមដែល​អាចធ្វើ​ទៅរួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតី៍ ទី១០ ខែមករា ឆ្នាំ២០១៩។

លោក មូន ជែអ៊ីន ធ្វើការកត់​សម្គាល់បែបនេះ​នៅអំឡុងសន្និសីទ​សារព័ត៌មាន​​ស្វាគមន៍​ឆ្នាំថ្មី របស់លោកនៅ​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក មូន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនានានៅតំបន់​សួន​ឧស្សាហកម្ម កែសុង (Kaesong) និងតំបន់ទេសចរណ៍ភ្នំ គុមកាង (Kumgang) បាននិងកំពុងផ្ដល់ ផលប្រយោជន៍​ដល់កូរ៉េខាងត្បូង និងកូរ៉េខាងជើង... ខ្ញុំសូមស្វាគមន៍​ចំពោះឆន្ទៈដ៏ល្អរបស់​កូរ៉េខាងជើង​ក្នុងការចាប់​ផ្ដើមឡើងវិញ​នូវគម្រោង និងកិច្ចសហប្រតិបត្តិការ​ដោយគ្មានលក្ខខណ្ឌ និងគ្មាន​សំណង»

គួរបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំ​សកលកន្លងទៅ លោក គីម ជុងអ៊ុន បាននិយាយថា លោកមានបំណង​បើកសួនឧស្សាហកម្ម​នៅក្នុងទីក្រុង Kaesong ព្រមទាំងអនុញ្ញាត​ឱ្យភ្ញៀវទេសចរណ៍​កូរ៉េខាងត្បូង​ ចូលទៅកម្សាន្ត​តំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើងវិញដោយគ្មានលក្ខខណ្ឌទុកជា​មុនឡើយ។ នៅដើមឆ្នាំ​២០១៩ នេះមេដឹកនាំ​​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក បានយល់​ព្រមបើកិច្ចជំនួបកំពូល​ជាលើក​ទី ២ ដើម្បីបន្តការប្តេជ្ញា​លុបបំបាត់នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ និង​ការដោះ​ទណ្ឌកម្ម​អន្តរជាតិ​ចេញពីកូរ៉េខាងជើង៕