(អ៊ីស្រាអែល)៖ អតីតរដ្ឋមន្រ្តីថាមពលអ៊ីស្រាអែល លោក Gonen Segev អាចនឹងត្រួវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំ បន្ទាប់ពី​លោក​សារភាពថាបានស៊ើបការណ៍សំងាត់ឱ្យអ៊ីរ៉ង់។ នេះបើតាមក្រសួងយុត្តិធម៌អ៊ីស្រាអែល ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Segev ដែលធ្លាប់ជារដ្ឋមន្ត្រីថាមពលក្នុងឆ្នាំ១៩៩០ ត្រូវបានគេចោទប្រកាន់ថាជាទីភ្នាក់ងារម្នាក់អំឡុងពេលលោកធ្វើការជាវេជ្ជបណ្ឌិត នៅប្រទេសនីហ្សរីយ៉ា។ មិនតែប៉ុណ្ណោះ លោកក៏ជាប់ចោទពីបទធ្វើឱ្យបែកធ្លាយព័ត៌មានលម្អិតរបស់មន្ត្រីអ៊ីសាអែលជាច្រើននាក់ និងទីតាំង​សន្តិសុខផងដែរ។ លោក Segev ត្រូវបានឃុំខ្លួននៅក្នុងប្រទេសអេក្វាទ័រហ្គីណេ កាលពីខែឧសភា ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបញ្ជូន មកកាន់អ៊ីស្រាអែល។

គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អ៊ីស្រាអែល លោក Gonen Segev មានអាយុ៦៣ឆ្នាំ បានសារភាពថាធ្លាប់បានធ្វើចារកម្មឱ្យអ៊ីរ៉ង់ ខណៈការសារភាពនេះអាចឱ្យលោកជាប់ពន្ធនាគារ១១ឆ្នាំ។ អតីតរដ្ឋមន្ត្រីថាមពលរូបនេះ នឹងត្រូវបានផ្ដន្ទាទោសជាផ្លូវការក្នុងសវការមួយ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១១ ខែកុម្ភៈខាងមុខនេះ។ ប៉ុន្តែអាជ្ញាធរអ៊ីរ៉ង់ មិនទាន់បញ្ចេញប្រតិកម្មណាមួយចំពោះការសារភាពរបស់លោក Segev នៅឡើយទេ៕