(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក Obrador បាននិយាយនៅថ្ងៃពុធនេះថាលោកមិនចូលរួមពិភាក្សាពីរឿងសាងសង់ជញ្ជាំងព្រំដែន ជាមួយលោក ដូណាល់ ត្រាំ ឡើយ ដោយសំអាងថាវាគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Obrador ដែលទើបតែឡើងកាន់តំណែងជាប្រធានាធិបតីម៉ិចស៊ីកូ កាលពីឆ្នូ ឆ្នាំ២០១៨កន្លងទៅ ធ្វើការកត់សម្គាល់បែបនេះនៅក្នុង សន្និសីទសារព័ត៌មានមួយ និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាងថា វិបត្តិមនុស្សជាតិ​កាន់តែរីកធំឡើង​នៅព្រំដែន​ភាគខាងត្បូង​ជាប់នឹង​ប្រទេស​ម៉ិចស៊ីកូ ហើយលោក​បានទាមទារឲ្យ​សភា​អនុម័តថវិកា​ដើម្បីសាងសង់ជញ្ជាំង​ព្រំដែន​​ជា​បន្ទាន់។

នាឱកាសថ្លែងសារ​តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងចេញពី​​សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ​ លោកត្រាំ បានលើកឡើងដូច្នេះថា៖« «ប្រជាជនអាមេរិក​កំពុងរងគ្រោះដោយសារការ​ធ្វើអន្តោប្រវេសន៍​​ខុស​ច្បាប់​យ៉ាងអនាធិបតេយ្យ។ ជញ្ជាំងព្រំដែន​គឺពិតជាចាំបាច់បំផុត​ សម្រាប់​ការរក្សា​សន្តិសុខតាម​ព្រំប្រទល់ ដូច្នេះ​​ហើយ​តើ​​ត្រូវចាំយូរដល់​ពេលណាទៀត ទើប​សភាយល់ព្រម​ផ្តល់ថវិកាសម្រាប់​គម្រោងដ៏​សំខាន់នេះ»។

គួរជម្រាបថា ចំនួនជនអន្តោប្រវេសន៍​​ដែលលួចឆ្លងចូល​ទឹកដី​អាមេរិក បានថយចុះ​ពី​១.៦លាននាក់​នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង​ ៤០០,០០០នាក់ នៅឆ្នាំ២០១៨។ ការសិក្សាស្រាវជ្រាវ​បានរកឃើញ​ទៀតថា ជនអន្តោប្រវេសន៍​​ខុសច្បាប់ ក៏មិនសូវ​មាន​ទំនោរ​ទៅប្រព្រឹត្តទៅ​បទល្មើសឡើយ បើធៀបនឹងជន​ដែលកើតនៅសហរដ្ឋអាមេរិក​ផ្ទាល់នោះ។ កាលពីចុង​សប្តាហ៍​មុន​សេតវិមាន​បានអះអាងថាភេរវកររាប់ពាន់​នាក់ត្រូវ​បានចាប់ខ្លួន ពេលកំពុងព្យាយាម​ឆ្លងព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ក៏ប៉ុន្តែ​តាម​​ពិតទៅ មានតែប៉ុន្មាននាក់​ប៉ុណ្ណោះត្រូវឃាត់ខ្លួន​ នៅឯព្រលាន​យន្តហោះនោះ៕