(បាងកក)៖ ប្រទេសថៃនា​ថ្ងៃពុធនេះបានសម្តែង​ការស្វាគមន៍​ ចំពោះការ​សម្រេច​ចិត្ត​ពីសំណាក់​​គណៈកម្មការអឺរ៉ុប ក្នុងការ​ដកប្រទេស​អាស៊ានមួយនេះ ចេញពីបញ្ជី​ឈ្មោះនៃប្រទេស​ ដែលរងការព្រមាន​​ជុំវិញសកម្មភាពនេសាទ​ខុសច្បាប់ និង​មិន​មានការ​គ្រប់គ្រង​ត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៥ ថៃដែលជាប្រទេស​នាំចេញគ្រឿងសមុទ្រ​លំដាប់ថ្នាក់លេខបី នៅលើពិភពលោក បានទទួលការពិន័យ​​កាតលឿងពី​​សហភាពអឺរ៉ុប ដោយ​សារតែ​​ការធ្វើនេសាទ​គ្មាន​និរន្តរភាព ហើយវាគឺជាការ​ព្រមាន​មួយដែល​អាច​​​នឹង​ក្លាយ​ជា​បម្រាម​ហាមឃាត់លែង​ឲ្យនាំចេញគ្រឿងសមុទ្រ​ ទៅកាន់ទីផ្សារ​អឺរ៉ុបតែម្តង។ បន្ទាប់មក​រដ្ឋាភិបាល​យោធាថៃ ក៏​បាន​ចេញប្រតិ​បត្តិការ​ក្តៅ​បង្រ្កាបការនេសាទ​​ដែលខុសច្បាប់ និងដាក់ចេញនូវ​កំណែទម្រង់នៃឧស្សាហកម្ម​នេះទាំងមូល​។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ​សប្តាហ៍នេះ គណៈកម្មការអឺរ៉ុប​បានឲ្យដឹងថា បច្ចុប្បន្ន​សហភាពអឺរ៉ុបមើលឃើញ​ប្រទេសថៃ ដែលជា​​គូ​ថ្មី​មួយ​ ដែលប្រកប​ដោយការប្តេជ្ញា​រឹងមាំ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងសកម្មភាព​នេសាទខុសច្បាប់ ដែលធ្វើឲ្យ​ហិនហោច​ធនធាន​​មច្ឆានៅជុំវិញភពលោក និង​បង្កការ​ប៉ះពាល់ដល់​ជនទាំងឡាយ​រស់នៅ​ប្រចាំថ្ងៃ​ ដោយអាស្រ័យ​​លើធនធាន​ក្នុងសមុទ្រ៕