​(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារ​ជាតិអាមេរិក នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានប្រកាស​ដាក់ទណ្ឌកម្មបន្ថែម​លើបុគ្គល និងអង្គភាព​វេណេស៊ុយអេឡា​ជាច្រើនថែមទៀត សម្រាប់ការប្រព្រឹត្តិអំពើ​ពុករលួយ។ ប៉ុន្តែ ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹង​លោក នីកូឡាស់ ម៉ាឌូរ៉ូ ឡើងស្បថ​កាន់តំណែងជា​ប្រធានាធិបតីជាផ្លូវការ។​ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

ក្រសួងរតនាគារជាតិ​អាមេរិក បានចោទប្រកាន់​បុគ្គល ០៧នាក់ និងអង្គភាព​វេណេស៊ុយអេឡា​ចំនួន ២៣ ជុំវិញការប្រព្រឹត្តអំពើពុក​រលួយជា​លក្ខណៈ​ប្រព័ន្ធ ដោយ​កេង​ចំណេញ​ប្រាក់ ២.៤ពាន់លានដុល្លារ ពីការអនុវត្ត​គោលនយោបាយដោះ​ដូរហិរញ្ញវត្ថុរបស់​រដ្ឋាភិបាល​វេណេស៊ុយអេឡា។ ដូច្នេះហើយក្រសួងមួយនេះ​បានសម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​លើអ្នកទាំងនេះ តាមរយៈការបង្កក​រាល់ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទាំងអស់​ ឱ្យនៅក្រោម យុត្ថាធិការ​អាជ្ញាធរអាមេរិក។ មិនតែ​ប៉ុណ្ណោះ ប្រជាជនអាមេរិក​ក៏ត្រូវ​បានហាមឃាត់​ ក្នុងការចុះកិច្ចព្រមព្រៀង​ទាំងឡាយជាមួយ​អ្នកជាប់ ទណ្ឌកម្ម​ទាំងនេះ​ផងដែរ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្ម​ខាងលើរបស់​សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ មុននឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវស្បថ​ឡើង​កាន់តំណែង​ជាប្រធានាធិបតី​វេណេស៊ុយអេឡា​ជាផ្លូវការ​នៅថ្ងៃទី១០ ខែមករាខាងមុខនេះ សម្រាប់​អាណត្តិទី ២ រយៈពេល ០៦ឆ្នាំ ខណៈ​ដែលអាមេរិក​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​កន្លងម​កមិនទទួលស្គាល់​លទ្ធផលបោះឆ្នោត នៅវេណេស៊ុយអេឡា​នោះឡើយ៕