(ការ៉ាកាស់)៖ រដ្ឋាភិបាល​វេណេស៊ុយអេឡា បានបង្កើនសម្ពាធទាមទារ​​ឲ្យ​រដ្ឋាភិបាលកូឡុំប៊ី ធ្វើបត្យាប័នក្រុម​ជនសង្ស័យ ​ដែលអាចជាប់ពាក់ព័ន្ធ​ក្នុងការប៉ុនប៉ងធ្វើឃាតមកលើ​ ប្រធានាធិបតី​​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពី​​ឆ្នាំ​មុន។ នេះបើ​​តាមការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់​ពីក្រសួងការបរទេស​វេណេស៊ុយអេឡា រដ្ឋាភិបាល​ទីក្រុងការ៉ាកាស់ នៅមិនទាន់ទទួល​បានឆ្លើយតប​តាម​ផ្នែកការទូត ពីប្រទេសកូឡុំប៊ីវិញ​នៅឡើយទេ។ ​នៅអំឡុងពិធី​ព្យុហយាត្រាយោធាមួយ ធ្វើឡើងកាលពី​ខែសីហា ឆ្នាំ​២០១៨ ឧបករណ៍​ដ្រូន ០២គ្រឿង​មានផ្ទុកគ្រឿងផ្ទុះ បានហោះ​ទៅជិតលោក ម៉ាឌូរ៉ូ ដែលកំពុង​ឈរថ្លែងសុន្ទរកថា ហើយ​បានបំផ្ទុះ​ខ្លួនពួកវា ប៉ុន្តែលោកមិន​បានរងគ្រោះ​ឡើយ ខណៈ​មន្រ្តីមួយ​ចំនួនបាន​រងរបួស។

ភ្លាមៗក្រោយពេល​កើតហេតុ លោក ម៉ាឌូរ៉ូ បានអះអាងថា តាមរយៈការ​ស៊ើបអង្កេត សកម្មភាពប៉ង​ធ្វើឃាតលើ​រូប​លោក មាន​ជាប់ពាក់ព័ន្ធ​នឹង​កូឡុំប៊ីរួមជាមួយ​សហរដ្ឋអាមេរិក ជាប្រទេសដែល​ជនជាតិវេណេស៊ុយអេឡា​ជាច្រើនរូប កំពុងស្នាក់​នៅ​ដោយ​និរទេសខ្លួន ប៉ុន្តែប្រទេស​ទាំងពីរ​បាន​បដិសេធថា មិនមានជាប់ពាក់ព័ន្ធ​នឹងរឿងនេះ​ឡើយ៕