(ហាណូយ)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូង​ប្រចាំទីក្រុង​ហាណូយ លោក គីម ដូយុន (Kim Do-hyon) បានសម្ដែងការគាំទ្រ​ចំពោះបេក្ខភាព​របស់វៀតណាម ក្នុងការទទួល​រៀបចំជំនួបកំពូល​ជាលើកទី២ រវាងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ នេះបើតាម​សារព័ត៌មាន VN Express នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Kim Do-hyon បានគូស​បញ្ជាក់បន្ថែមយ៉ាង​ដូច្នេះថា «វៀតណាមមាន​ទំនាក់ទំនងល្អ​ ជាមួយកូរ៉េទាំងពីរ​​រួមទាំង​សហរដ្ឋអាមេរិក​ ហើយ ក៏មានបទ​ពិសោធន៍រៀបចំកិច្ចប្រជុំ​លំដាប់អន្តរជាតិ​ដោយជោគជ័យ​ជាច្រើន ក្នុងនោះមាន​ដូចជាកិច្ចប្រជុំ APEC... ដូច្នេះខ្ញុំជឿ​ជាក់ថា កិច្ច​ប្រជុំកំពូល​ជាលើកទី ២ រវាងលោក ត្រាំ និងលោក គីម នឹងត្រូវធ្វើឡើង​នៅ​វៀតណាម»

គួរបញ្ជាក់ថា ជំនួបរវាងលោក ត្រាំ និងលោក គីម បានប្រព្រឹត្ត​ទៅជាលើកទី ១ ក្នុងប្រទេសសិង្ហបុរី​កាលពី​ខែមិថុនា ឆ្នាំ២០១៨ ហើយ​ព័ត៌មានបានបន្តថា វៀតណាម​នឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំ​ជំនួបកំពូលនេះ​ជាលើកទី ២ ត្រូវបានរាយការណ៍​ដោយសារព័ត៌មាន​កូរ៉េខាងត្បូង មុនវ៉ាអ៊ីលបូ (Munhwa Ilbo) បន្ទាប់ពីក្រុម​​មន្ត្រីអាមេរិក និងកូរ៉េខាងជើង​បានជួបប្រជុំគ្នា​ក្នុងទីក្រុងហាណូយ​ នាពេលថ្មីៗនេះ។

លើសពីនេះទៅទៀត ការសន្និដា្ននក៏លើកឡើងកាន់តែ​ច្បាស់ថា ទីក្រុងហាណូយ នឹងក្លាយជាម្ចាស់ផ្ទះ​ដោយសារតែ​រដ្ឋមន្ត្រីការបទេស​កូរ៉េខាងជើង លោក រី យ៉ុង ហូ និងប្រធានគោលនយោបាយ​កូរ៉េ នៃក្រសួងការបរទេសអាមេរិក លោក ម៉ាក ឡាំប៊ឺត (Mark Lambert) ក៏បានជួបពិភាក្សាគ្នាក្នុងទីក្រុង​ហាណូយផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

ប៉ុន្តែបើតាម​សារព័ត៌មាន CNN ក្រៅពីទីក្រុង​ហាណូយ ទីក្រុង​បាងកក និងកោះហាវៃ ក៏កំពុងស្ថិត​នៅក្រោមការពិចារណា​ដែរ ខណៈ​លោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសថា លោកចង់ជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅដើម​ចុង​ខែមករា ឬដើម​ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕