​(កូឡាឡាំពួរ)៖ ព្រះអង្គម្ចាស់ មហាម៉ាដទី ​៥ (Muhammad V) បាន​ដាក់​រាជ្យ​​សម្បត្តិ​ដោយ​​នឹកស្មាន​មិនដល់ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅនេះ ដែល​ធ្វើ​ឱ្យ​ទ្រង់​ក្លាយ​ជា​ព្រះមហាក្សត្រ​ដំបូង​បំផុត​របស់​ម៉ាឡេស៊ី ដែល​បាន​ដាក់រាជ្យ​បែប​នេះ បាន​ធ្វើឡើង​ខណៈដែល​ទ្រង់​ទើបតែ​សោយរាជ្យ​សម្បត្តិ​បាន ​២​​ឆ្នាំ ​និងមិន​ទាន់​គ្រប់​ ៥​ឆ្នាំ​នៅ​ឡើយ។ ខាងក្រោម​​នេះ​ជា​​ជីវប្រវត្តិ និង​ព័ត៌មាន​សំខាន់​ដែល​ត្រូវ​បាន​​គេដាក់​ការ​សង្ស័យ​ថា​ ជាមូលហេតុ​ដែល​នាំ​​ឈាន​ទៅ​រក​ការ​ដាក់​រាជ្យ​សម្បត្តិ​របស់​ទ្រង់៖

* ជីវប្រវត្តិសង្ខេបរបស់ទ្រង់

នាម​ត្រកូល៖ ​Tengku Muhammad Faris Petra
នាម​​ពេល​​សោយរាជ្យ​សម្បត្តិ៖ Muhammad V
សោយរាជ្យសម្បត្តិ៖ ថ្ងៃ​ទី​១៣ ធ្នូ ២០១៦ដល់ ៦ មករា ២០១៩
ថ្ងៃ​ខែ​ឆ្នាំ​ប្រសូត៖ ៦​តុលា ១៩៦៩ (វ័យ​៤៩​វស្សា)
មហេសី៖ Rihana Oxana Gorbatenko (រៀប​អភិសេក​ឆ្នាំ​២០១៨)
​បិតា៖​ Sultan Ismail Petra Ibni Almarhum Sultan Yahya Petra
មាតា៖ Tengku Anis Binti Tengku Abdul Hamid
សាសនា៖ សាសនាអ៊ីស្លាម និកាយ ស៊ូនី

ស្តេច​ ស៊ុលតង់​មូហាម៉ាដ​ទី​ប្រាំ (Sultan Muhammad V) ​ជា Sultan of Kelantan និង​កាន់​ដំណែង​ជា​ប្រមុខ​រដ្ឋ​ទី​១៥ (Yang di-Pertuan Agong) នៃ​ប្រទេស​ម៉ាឡេស៊ី​ ដែល​សោយ​រាជ្យ​ពី​ខែ​ធ្នូ ​ឆ្នាំ​​២០១៦ ដល់​ខែ​មករា ឆ្នាំ​២០១៩ ។ ​ទ្រង់​ត្រូវបានគេប្រកាស​ថា​ជា​ Sultan of Kelantan នៅថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ២០១០ បន្ត​ពី​បីតា​ព្រះនាម Sultan Ismail Petra ​ដែល​មិន​អាច​​បន្ត​កាន់​ដំណែង​បាន​ដោយ​សារ​ជំងឺ។ ទ្រង់​បាន​ក្លាយ​ជា​ Yang di-Pertuan Agong ទីមួយ​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​នៅដាក់រាជ្យ​​សម្បត្តិ​ដំបូង​គេ​មិន​ធ្លាប់​មាន ហើយការ​ដាក់​រាជ្យ​នេះ ត្រូវ​បាន​ចូលជា​ធរមាន​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​នេះ។

* ជីវិត​កាល​ពី​កុមារភាពរបស់ទ្រង់

អង្គ​ម្ចាស់ Muhammad V ប្រសូត​នៅ​ក្នុង​រដ្ឋ Kelantan ប្រទេស​ម៉ាឡេស៊ី។ ព្រះអង្គ​បាន​ក្លាយ​រាជវង្ស Kelantan នៅថ្ងៃទី៣០ ខែ​មីនា ឆ្នាំ១៩៧៩ និង​ត្រូវ​បាន​តែងតាំង​ជាផ្លូវការនៅ​ ​រដ្ឋKelantan នៅថ្ងៃទី៦ ខែ​តុលា ឆ្នាំ១៩៨៥​។ ទ្រង់​បាន​ចូល​សិក្សា​ដំបូង​​នៅ​សាលា SK Sultan Ismail និង​បន្ទាប់​មក​​នៅ​សាលា Alice Smith ​ក្នុង​រដ្ឋធានីគូឡាឡាំពួ។ ទ្រង់​បាន​ទៅ​​ចក្រភពអង់គ្លេស ដើម្បី​​បន្ត​ការ​សិក្សា​នៅ​សាលា Oakham។

បន្ទាប់មក​ទ្រង់​បានចូលសិក្សានៅ​សាលា St Cross នៃ​សាកលវិទ្យាល័យ Oxfordនិង​សិក្សា​នៅ​មជ្ឈមណ្ឌល Oxford សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ដើម្បី​សិក្សា​ផ្នែក​ទំនាក់ទំនង​ការ​ទូត​ដោយ​បញ្ចប់​កា​រសិក្សា​ក្នុង​ឆ្នាំ​១៩៩១។ ទ្រង់​ក៏បាន​បន្ត​ការ​សិក្សា​នៅមហាវិទ្យាល័យ Huron សិក្សា​នៅ​ទីក្រុងឡុងដ៍ ចក្រភព​អងគ្លេស សិក្សា​នៅ​ខេត្ត Ontario ប្រទេស​កាណាដា។ ក្រៅ​នេះទ្រង់​បាន​​សិក្សា​នៅ​សាលា Deutsche Stiftung für international Entwicklung (DSE) ក្នុង​ទីក្រុង​ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ព្រមទាំង​សិក្សា​នៅ​សាលាពាណិជ្ជកម្មអឺរ៉ុប ក្នុង​ទីក្រុងឡុង​ដ៍ ចក្រភពអង់គ្លេស​ផងដែរ។

* ជីវិត​ឯកជនរបស់ទ្រង់

ព្រះ​អង្គម្ចាស់ Muhammad V បានរៀបការជាមួយ Tengku Zubaidah binti Tengku Norudin bin Tengku Muda (née Kangsadal Pipitpakdee) ដែល​មាន​ជាប់​ស្រឡាយ​រាជ្យវង្ស​ស្តេចប៉ាតានី​នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០០៤។ យ៉ាង​នេះក្តី ទ្រង់​ទាំង​ពីរ​បាន​លែងលះ​គ្នា​ក្នុង​ឆ្នាំ​២០០៨ ​កន្លងទៅនេះ។ ការ​លែងលះ​ធ្វើ​ឱ្យ​ទ្រង់​បាន​ក្លាយ​ជា​ Yang di-Pertuan Agongដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ដែល​គ្មាន​មហេសី​ (Yang di-Pertuan Agong)។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈពេល​ចាកចេញ​ពី​ប្រទេស​នោះ សារព័ត៌មាន​បាន​រាយការណ៍​ឱ្យដឹងថា ព្រះអង្គម្ចាស់ Muhammad V បានរៀបការជាមួយ​នាង Oksana Voevodina ជនជាតិ​រុស្ស៊ី។ អ្នក​នាង Voevodina គឺជាអតីតបេក្ខនារី​បវរកញ្ញាដែលបានឈ្នះពានរង្វាន់បវរកញ្ញាម៉ូស្គូនៅក្នុងឆ្នាំ២០១៥។

ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ទ្រង់ ត្រូវ​បានសារព័ត៌មាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូយលាយ ព្រមទាំង​ក្លាយ​ជាប្រធាន​បទ​​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍សម្រាប់​លើក​មក​ពិភាក្សា​លើ​បណ្តាញ​សង្គម។ រហូត​មក​ទល់​ខែ​មករា ឆ្នាំ២០១៩ នេះ​នៅ​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍ជាផ្លូវការ​ណាមួយ​បដិសេធ​ចំពោះ​ការ​រៀប​ការ​រៀប​អភិសេក​នេះ​នៅឡើយ ដែល​ឆ្លុះបញ្ចាំង​ថា វា​អាច​ជា​រឿង​ពិត​ដែល​ទ្រង់​ត្រូវ​​បាន​រៀប​អភិសេក​ជាមួយ​ស្ត្រី​មិន​ជាប់​ខ្សែរាជវង្ស។

* ការ​ស្នង​រាជ្យសម្បត្តិរបស់ទ្រង់

កាល​ពី​ខែ​ ឆ្នាំ២០០៩ ​បិតា​របស់​ទ្រង់​ព្រះនាម ស៊ុលតង់អ៊ីស្មាតភីត្រា (Sultan Ismail Petra) ​មាន​ជំងឺដាច់សរសៃឈាមខួរក្បាល។ ទ្រង់​ត្រូវ​បាន​ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ម៉ោនអេលីហ្សាប៊េត (Mount Elizabeth Hospital) នៅ​ប្រទេស សិង្ហបុរី។ ហេតុនេះ អង្គម្ចាស់ តេងគុហ្វឺរី (Tengku Faris) ត្រូវបានតែងតាំង​ជា​រាជានុសិទ្ធ នៅថ្ងៃ​ទី២៥ ខែ​ឧសភា ​ខណៈ​អវត្តមាន​នៃ​ស្តេច​ស៊ុលតង់។ នៅថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០០៩ អង្គម្ចាស់ Tengku Faris បានដក​​ព្រះអនុជ​របស់​ទ្រង់ គឺ​ព្រះ​អង្គ​ Tengku Muhammad Fakhry Petra (Muhammad V) ពីក្រុមប្រឹក្សាសោយរាជ្យ​សម្បត្តិ ដែល​ក្រុមប្រឹក្សា​នេះ​មាន​អំណាច​ដើម្បីកំណត់​អ្នក​ត្រូវ​​បន្តរាជ​បល្ល័ង្ក។

នា​ខែ​ធ្នូ ឆ្នាំ​ដដែល អង្គម្ចាស់ Tengku Muhammad Fakhry Petra បានដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការជាន់ខ្ពស់ ប្រឆាំង​ការ​ដក​ទ្រង់ចេញ​ដំណែង​ព្រមទាំង​លិខិតមួយ​ច្បាប់​ទៀត ទៅ​កាន់​លេខាធិការ​រដ្ឋ​ដើម្បី​ប្រឆាំង​រាល់​អ្វី​ទាំង​អស់​ដែល​អង្គ​ម្ចាស់ Tengku Faris បាន​ធ្វើ​។​ យ៉ាង​នេះក្តី នៅខែមករា ឆ្នាំ២០១០ តុលាការជាន់ខ្ពស់បាន​បដិសេធពាក្យ​បណ្តឹង​ទាំង​អស់​របស់​ទ្រង់​។

តែ​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ អង្គម្ចាស់ Tengku Muhammad Faris Petra ត្រូវបានគេប្រកាសថា​ជាស៊ុលតង់ទី២៩ នៃ Kelantan អនុលោមតាមមាត្រា ២៩ A នៃរដ្ឋធម្មនុញ្ញ។ ទ្រង់​បាន​ដាក់​ទទួលបាន​ព្រះនាមថា មហាម៉ាដទី​៥ (Muhammad V)។ ទោះជា​យ៉ាង​នេះ​ក្តី បន្ទាប់ពី​សះស្បើយ​ពី​ជំងឺ បិតា​របស់ទ្រង់ គឺ​ព្រះអង្គម្ចាស់ Sultan Ismail Petra បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធ ដើម្បីប្រកាសថា​ការតែងតាំង អង្គម្ចាស់ Tengku Muhammad Faris Petra ជា​រឿង​មិនស្របតាមរដ្ឋធម្មនុញ្ញ។

យ៉ាង​នេះក្តី ព្រះអង្គម្ចាស់ Muhammad V បានចូលរួមមហាសន្និបាតលើកទី២២២ ជាលើកដំបូង ក្នុង​នាម​ជា​សមាជិកពេញសិទ្ធិ នា​ខែតុលា ឆ្នាំ២០១០។ ការ​ចូលរួម​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួល​ស្គាល់​ទ្រង់​ជា​ស្តេចស៊ុលតង់។

* ការ​លាលែង​ពី​ដំណែង

ព្រះ​អង្គម្ចាស់ Muhammad V ​បាន​ដាក់​រាជ្យ​សម្បត្តិ​ដោយ​មិននឹក​ស្មាន​ដល់ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅនេះ ដែល​ធ្វើ​ឱ្យ​ទ្រង់​ក្លាយ​ជា​ព្រះមហាក្សត្រ​ដំបូង​បំផុត​របស់​ម៉ាឡេស៊ី ដែល​បាន​ធ្វើ​បែបនេះ។ យ៉ាង​នេះក្តី មិន​មាន​សេចក្តី​ប្រកាស​ណាមួយ​ចេញពី​ព្រះបរមរាជវាំង បង្ហាញ​ពី​ហេតុផល​នៃ​ការ​ដាក់​រាជ្យ​មុនពេល​កំណត់​ឡើយ ខណៈ​ដែល​ទ្រង់​ទើបតែ​សោយរាជ្យ​សម្បត្តិ​បាន​ ០២​​ឆ្នាំ​ មិន​ទាន់​គ្រប់ ០​៥​ឆ្នាំ​នៅ​ឡើយ។

មាន​តែ​សេចក្តីរាយការណ៍​មួយ​ប៉ុណ្ណោះ​ចេញ​ពី​ព្រះបរមរាជវាំង​ដែល​បាន​លើកឡើងថា «ព្រះអង្គម្ចាស់បានប្រាប់ប្រជាជនម៉ាឡេស៊ី ឱ្យបន្តរួបរួមគ្នា រក្សាសាមគ្គី ភាពអត់ធ្មត់ និងធ្វើការរួមគ្នា» តែ​មិន​បាន​ធ្វើអត្ថាធិប្បាយ​លើពាក្យចចាមអារ៉ាម​អំពីការរៀបការរបស់​​ទ្រង់​នាពេលថ្មីៗនេះជាមួយនឹង​បវរ​កញ្ញារុស្ស៊ី Oksana Voevodina និងស្ថានភាព​របស់​ទ្រង់​ឡើយ ដែល​រឿង​នេះ​បាន​បង្ក​ក្តីសង្ស័យ​ថាមាន​ពាក់ព័ន្ធ​នឹងការ​ដាក់រាជ្យ​សម្បត្តិ។

គួរ​ជម្រាប​ថា ខណៈ​ទ្រង់​​ទើប​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​កាល​ពី​នៅខែវិច្ឆិកា ​កន្លង​ទៅនេះ ប៉ុន្មានថ្ងៃក្រោយមក ស្រាប់​តែ​មាន​រូប​ថត​ព្រះអង្គម្ចាស់​ដែល​មាន​វ័យ​៤៩​ឆ្នាំរូប​នេះ រៀបអភិសេក​ជាមួយ​អ្នកនាង​ Oksana Voevodina ​ដែល​មាន​វ័យ​ទើបតែ​​២៥​ឆ្នាំ។ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ទ្រង់​​ទំនង​ជា​រៀប​អភិសេកកាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ប្រទេស រុស្ស៊ី ដោយ​ពួកគេ​ក៏​មាន​ការ​រៀប​​ចំ​ពិធី​​តាម​ប្រពៃណី​របស់​ប្រទេស ម៉ាឡេស៊ី​ផងដែរ ដោយ​អ្នកនាង Oksana បាន​ចូល​ជា​អ្នក​កាន់​សាសនាអ៊ីស្លាម ព្រមទាំង​បានប្តូរឈ្មោះ​ទៅ​ជា Rihana Oxana Gorbatenko ។

ប្រភព​ពី​ព្រះបរមរាជវាំង បាន​ឱ្យដឹង​ថា ទ្រង់​កំពុង​ត្រៀម​ត្រឡប់​មក​ប្រទេស ម៉ាឡេស៊ីវិញ។ ដោយ​ឡែក​អ្នក​ត្រូវ​ស្នងតំណែង​របស់​ទ្រង់​ នៅ​មិនទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​នៅឡើយ ខណៈ​ដែល​ស៊ុលតង់ Perak Sultan Nazrin Muizzuddin Shah ដែល​ធ្វើ​ជា​ស្តីទី ​​ពេល​ទ្រង់​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស នឹង​នៅ​តែ​បន្ត​កាន់​ដំណែង​ស្តីទី​នេះ​ជា​បន្ត​ទៀត។ អ្នកស្នងតំណែងថ្មី ត្រូវបានគេរំពឹងថានឹង​ត្រូវបានជ្រើសរើសនៅថ្ងៃទី២៤ ខែមករា ខាងមុខ ព្រមទាំង​ប្រកាស​តែងតាំង​សប្តាហ៍​បន្ទាប់ គឺ​នៅ​ទី​៣១ ខែមករា ខាងមុខ។

សូមជម្រាបថា នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អំណាចនៅតែស្ថិតក្នុងកណ្តាប់ដៃសភា និងនាយករដ្ឋមន្ត្រី ចំណែក​ស្តេចមាន​អំណាចពិសេស​ក្នុង​ដៃ។ អំណាច​ពិសេស​ទាំង​នោះ​រួម​មាន​ដូចជា ការ​ដោះលែងជនជាប់ចោទ និងការស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តី​ជា​ដើម៕

បកប្រែ និងសម្រួល៖ អ៊ឹត ចណ្ណា
ប្រភព៖ Wikipedia ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩