(ត្យូក្យូ)៖ ប្រជាជនជប៉ុន​កំពុងកាន់លិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេ​បំផុតនៅលើពិភពលោក​ក្នុងឆ្នាំ២០១៩នេះ តាមពីក្រោយ ដោយប្រទេស​សិង្ហបុរី និងកូរ៉េខាងត្បូង ខណៈលិខិត​ឆ្លង ឬ passport នៃបណ្ដាប្រទេស​អាស៊ីទាំងនេះ​ នៅតែបន្តឈរ​នៅលំដាប់​កំពូលៗ។ នេះបើតាម​ស្ថាប័ន Henley Passport ដកស្រង់​ដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

យោងតាម Henley Passport ជប៉ុនបាន​ឈរនៅលេខរៀងទី ១ ដោយមានប្រជាជន​អាចធ្វើដំណើរដោយគ្មា​នទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០។​ ពោលគឺតាមពី ក្រោយដោយប្រទេស​សិង្ហបុរី និងកូរ៉េខាងត្បូង ដែលឈរនៅ​លេខ ២ ដូចគ្នា ដែលប្រជាជនខ្លួន​អាចធ្វើដំណើរមិន​ចាំបាច់មានទិដ្ឋាការ ​ទៅកាន់ប្រទេសចំនួន១៨៩។

គួរបញ្ជាក់ថា បើតាម Henley Passport ប្រទេស​អាល្លឺម៉ង់ និងបារាំង ឈរនៅលេខរៀងទី ៣ ដូចគ្នា ហើយប្រជាជនប្រទេស​ទំាងពីរអាចធ្វើ ដំណើរដោយគ្មាន​ទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៨៨ ស្របពេល​សហរដ្ឋអាមេរិក និងចក្រភព​អង់គ្លេស បន្តស្ថិតនៅលេខ​រៀងទី ៦ ដូចគ្នាដែលមានលិខិត​ឆ្លងដែនមានឥទ្ធិពលជាងគេ​ នៅលើពិភពលោក ជាមួយប្រជាជន​របស់ពួកគេអាចធ្វើដំណើរ​ទៅកាន់ប្រទេសចំនួន ១៨៥ ដោយមិនចាំបាច់​មានទិដ្ឋាការ។

ដោយឡែកបើយើង​ងាកទៅមើលបណ្តា​ប្រទេស ដែលមានទិដ្ឋាការ​ខ្សោយជាងគេ ឈានចូលមកដល់ដើមឆ្នាំ២០១៩ វិញនោះ គឺមានដូចជា ទី ១ អ៊ីរ៉ាក់, ទី ២ ស៊ីរី និងសូម៉ាលី, ទី ៣ ប៉ាគីស្ថាន, ទី ៤ យ៉េមែន និងទី ៥ គឺប្រទេស​អេរីទ្រា។ ការជាប់​​លំដាប់ថ្នាក់​បាតតារាង​បែបនេះ ក៏ព្រោះតែ​ប្រទេស​ទាំង ៦ នេះ​កំពុងស្ថិត​នៅក្នុង​ភាព​​អសន្តិសុខ​ខ្លាំង និងសង្គ្រាម៕