(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកមានគម្រោង​រៀបចំកិច្ចពិភាក្សាសាធារណៈ​មួយពាក់ព័ន្ធនឹង​អនាគតបច្ចេកវិទ្យានៅក្នុង​សង្គមអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Mark Zuckerberg បានបញ្ជាក់​ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ លោកនឹងរៀបចំ​កិច្ចពិភាក្សាសាធារណៈជាបន្តបន្ទាប់ទាក់ទិន​នឹងអនាគត​បច្ចេកវិទ្យា ឱកាស និងការប្រកួតប្រជែង​នៅក្នុងវិស័យនេះ​ជាដើម។ បន្ថែមពីលើនេះលោកក៏បាន​សន្យាដែរថា នឹងរៀបចំកិច្ចសន្ទនាជាមួយថ្នាក់​​ដឹកនាំនានា ក្រុមអ្នកជំនាញ និងមជ្ឈដ្ឋាន​ជាច្រើនមកពីវិស័យខុសៗ​គ្នាជាទៀតទាត់ ដើម្បីពិភាក្សាគ្នា​លើបញ្ហា​ប្រឈមនានា។

គួរបញ្ជាក់ថា បើតាម​លោក Zuckerberg កាលពី​ឆ្នាំ២០១៨ លោកបានចំណាយ​ពេលពេញ​មួយឆ្នាំ ក្នុងការដោះស្រាយបញ្ហាធំៗ​ជាច្រើនរបស់ Facebook ក្នុងនោះរួមមាន​ការចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនង​សង្គមមួយនេះ​បរាជ័យក្នុង​ការការពារ​ទិន្នន័យរបស់អ្នកប្រើប្រាស់ក៏ដូចជាទប់ស្កាត់​ការរើសអើង ការប្រកាន់​ពូជសាសន៍ និងការ Hack នៅលើ Facebook ជាដើម៕