(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​អះអាងថា វិបត្តិមនុស្សជាតិ​កាន់តែរីកធំឡើង​ នៅព្រំដែន​ភាគខាងត្បូង​ជាប់នឹង​ប្រទេស​ម៉ិចស៊ីកូ ហើយលោក​បានទាមទារឲ្យ​សភា​អនុម័តថវិកា​ ដើម្បីសាងសង់ជញ្ជាំង​ព្រំដែន​​ជា​បន្ទាន់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក ត្រាំ បានធ្វើការ​លើកឡើង​បែបនេះ នៅក្នុងការថ្លែងសារ​តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង ចេញពី​​សេតវិមាន​ ប៉ុន្តែ​​លោកប្រធានាធិបតី​អាមេរិក មិនបានប្រកាស​ភាពអាសន្នផ្នែក​សន្តិសុខ ដើម្បីសាងសង់​ជញ្ជាំងព្រំដែន​ ដោយមិនចាំបាច់​មាន​ការអនុម័ត​ពីសភានោះ​ឡើយ។ នាឱកាសលោក លោក ដូណាល់ ត្រាំ បាន​និយាយថា «ប្រជាជនអាមេរិក​កំពុងរងគ្រោះ ដោយសារការ​ធ្វើអន្តោប្រវេសន៍​​ខុស​ច្បាប់​យ៉ាងអនាធិបតេយ្យ។ ជញ្ជាំងព្រំដែន​គឺពិតជាចាំបាច់បំផុត​ សម្រាប់​ការរក្សា​សន្តិសុខតាម​ព្រំប្រទល់ ដូច្នេះ​​ហើយ​តើ​​ត្រូវចាំយូរដល់​ពេលណាទៀត ទើប​សភាយល់ព្រម​ផ្តល់ថវិកាសម្រាប់​គម្រោងដ៏​សំខាន់នេះ»។

គួរជម្រាបថា ដោយសារតែ​បញ្ហាថវិកាសាងសង់ជញ្ជាំងព្រំដែន​នេះហើយ ទើបជាហេតុធ្វើ​ឲ្យរដ្ឋាភិបាលអាមេរិក​បិទទ្វារ​អស់ប៉ុន្មានសប្តាហ៍​កន្លងមកនេះ បន្ទាប់ពីសមាជិក​សភាបក្សប្រជាធិបតេយ្យ​ និង​​​បក្ស​សាធារណរដ្ឋ មិនឯកភាព​គ្នាក្នុងការ​អនុម័ត​សេចក្តីព្រាង​កញ្ចប់ថវិកាជាតិ ដែលរួមមាននូវ​ទឹកប្រាក់ជាង ៥ពាន់លានដុល្លារ សម្រាប់ការ​សាងសង់ជញ្ជាំង​ព្រំដែន​។

ចំនួនជនអន្តោប្រវេសន៍​​ដែលលួចឆ្លងចូល​ទឹកដី​អាមេរិក បានថយចុះ​ពី​១.៦លាននាក់​នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង​ ៤០០,០០០នាក់ នៅឆ្នាំ២០១៨។ ការសិក្សាស្រាវជ្រាវ​បានរកឃើញ​ទៀតថា ជនអន្តោប្រវេសន៍​​ខុសច្បាប់ ក៏មិនសូវ​មាន​ទំនោរ​ទៅប្រព្រឹត្តទៅ​បទល្មើសឡើយ បើធៀបនឹងជន​ដែលកើតនៅសហរដ្ឋអាមេរិក​ផ្ទាល់នោះ។ កាលពីចុង​សប្តាហ៍​មុន​សេតវិមាន​បានអះអាងថា ភេរវកររាប់ពាន់នាក់ត្រូវ​បានចាប់ខ្លួន ពេលកំពុងព្យាយាម​ឆ្លងព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ក៏ប៉ុន្តែ​តាម​​ពិតទៅ មានតែប៉ុន្មាននាក់​ប៉ុណ្ណោះត្រូវឃាត់ខ្លួន​ នៅឯព្រលាន​យន្តហោះនោះ៕