​(វ៉ាស៊ីនតោន)៖ យោធាអាមេរិក​បានបាញ់សាកល្បងគ្រាប់​កាំភ្លើងពិសេស Hyper Velocity ជាង ២០គ្រាប់​ចេញពីនាវា​ពិឃាត USS Dewey ជាផ្នែកមួយ​នៃការសិក្សាស្រាវជា្រវ​ ដឹកនាំដោយកងនាវា​អាមេរិក និងការិយាល័យ​សមត្ថភាពយុទ្ធសាស្ត្រ​នៃក្រសួងការពារជាតិ (SCO)។ នេះ បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

យោងតាម SCO ការបាញ់​សាកល្បង​ខាងលើ ត្រូវបានធ្វើឡើង​អំឡុងសមយុទ្ធយោធា​ជើងទឹកមួយ​ នៅឯដែនទឹកទីក្រុងហូណូលូលូ (Honolulu) នៃកោះហាវ៉ៃ (Hawaii​) ដែលធ្វើឡើងជា​រៀងរាល់ ០២ឆ្នាំម្ដង។ គ្រាប់កាំភ្លើង​ពិសេស Hyper Velocity មានសមត្ថភាព​បាញ់កម្ទេចយន្ដហោះ​ដ្រូន និងមីស៊ីល​បាញ់ចេញពី​នាវាមុជទឹក។ ប៉ុន្តែទន្ទឹមគ្នា ពុំទាន់មាន​ការអះអាងថា ការបាញ់សាកល្បង​បានទទួល​ជោគជ័យ ឬបរាជ័យ​នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌល​សម្រាប់ការវាយតម្លៃ​យុទ្ធសាស្ត្រ និងកញ្ចប់ថវិកា កាំភ្លើង​ពិសេស Hyper Velocity មួយគ្រាប់​មានតម្លៃ​ពី ៧៥,០០០ដុល្លារ ដល់ ១០០,០០០ដុល្លារ៕