(ហាណូយ)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន​បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​បាននិងកំពុង ចរចាគ្នាពីទីតាំង​រៀបចំកិច្ចប្រជុំកំពូល​ជាលើកទី ២ ជាមួយលោក គីម ជុងអ៊ុន ស្របពេលមាន​សេចក្ដីរាយការណ៍ជា​បន្តបន្ទាប់ថាទីក្រុង​​ហាណូយ បាងកក និងកោះ​ហាវ៉ៃ កំពុងស្ថិតនៅ​ក្រោមការ​ពិចារណា។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នក​សារព័ត៌មានកាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បានបញ្ជាក់យ៉ាង​ខ្លីដូច្នេះថា «យើងកំពុង​ពិចារណាពីទីតាំងរៀបចំ​កិច្ចប្រជុំកំពូល... ហើយវានឹង​ត្រូវបានប្រកាស​នៅក្នុងពេល​ឆាប់ៗនេះ»។ ប៉ុន្តែក្រោយ​ការប្រកាសនេះបាន​ប៉ុន្មានថ្ងៃ បណ្ដាសារព័ត៌មាន​ជាច្រើនបាន​រាយការណ៍ថា ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើង​បានជួបពិភាក្សាគ្នា​ក្នុងទីក្រុងហាណូយ ដើម្បីជជែកគ្នា​ពីបញ្ហានេះ​ហើយ ខណៈទីក្រុង​ហាណូយត្រូវ បានគេរំពឹង​ខ្ពស់ជាងគេថា អាចនឹងធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួប​កំពូល​អាមេរិក-កូរ៉េខាងជើង ព្រោះតែវៀតណាម​បច្ចុប្បន្នមានទំនាក់ល្អ​ជាមួយកូរ៉េខាងជើង និងអាមេរិកដូចគ្នា។

* តើវៀតណាមសាកសមនឹងទទួលរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីមឬទេ?

សារព័ត៌មាន​កូរ៉េខាងត្បូង Munhwa Ilbo បានរាយការណ៍​កាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូល​រវាងលោក ត្រាំ និងលោក គីម អាចនឹង​ត្រូវធ្វើ​ឡើងនៅក្នុងទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយការអះអាង​បែបនេះ​បានកើតមានឡើងបន្ទាប់ពីសារព័ត៌មាន​មួយនេះទទួលបាន​ដំណឹងមកថា មន្ត្រីអាមេរិក និង​កូរ៉េខាងជើង បានជួបប្រជុំគ្នា​ក្នុងទីក្រុងហាណូយ​នាពេលថ្មីៗនេះ ដើម្បីពិភាក្សាពី​ជំនួប​កំពូលនេះ។

* តើប្រទេសណាផ្សេងទៀត ដែលអាចក្លាយជាជម្រើស?

ក្រៅតែពី​វៀតណាមនោះ ប្រទេសម៉ុងហ្គោលី ថៃ និងម៉ាឡេស៊ី ក៏បានបង្ហាញចំណាប់​អារម្មណ៍ចង់រៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក គីម និងលោកត្រាំ ផងដែរ។

ចំណែកឯ​ក្រុម​អ្នកជំនាញខ្លះ​យល់ថា វៀតណាមមាន​ឱកាសខ្ពស់ជាងគេ ដ្បិតបច្ចុប្បន្ន​វៀតណាមជាប្រទេស​កុម្មុយនីស្ដ​ដូចកូរ៉េខាងជើង តែ មានទំនាក់ទំន​ងល្អជាមួយកូ​រ៉េខាងជើងផង និងសហរដ្ឋអាមេរិក​ផង។

លើសពី​នេះទៅទៀត កូរ៉េខាងជើងមានស្ថានទូត​របស់ខ្លួននៅក្នុង​ប្រទេសវៀតណាម​ស្រាប់ ហើយក៏ធ្លាប់ជា​សម្ព័ន្ធមិត្តនឹងគ្នានៅអំឡុង​សម័យសង្រ្គាម​វៀតណាមផងដែរ ជាទីដែល​ទីក្រុងព្យុងយ៉ាងធ្លាប់បានផ្ដល់ជំនួយ​ដល់ទីក្រុងហាណូយ​ ដើម្បីប្រឆាំង​នឹង​សហរដ្ឋអាមេរិក។ ដោយឡែក បើនិយាយពី​ទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិកវិញ ក៏កាន់តែល្អ​ប្រសើរទៅទៀត ព្រោះទីក្រុង​ហាណូយ និងទីក្រុង​វ៉ាស៊ីនតោន បានខិតជិតគ្នា​កាន់តែជិតដោយ​ទុកជម្លោះពីអតីត​មួយឡែក បន្ទាប់ ពីអតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា បំពេញទស្សនកិច្ច​មកកាន់ប្រទេស​វៀតណាមកាលពី​ឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាក្នុងជំនួប​កំពូលម្ដងរួចមក​ហើយដែល​រៀបចំឡើងនៅ​ប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨។ ថ្មីៗនេះប្រទេសថៃ​បានប្រកាសស្វាគមន៍​ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ ហើយ​ស្ម័គ្រ​ក្លាយជាខ្លួន​ជាម្ចាស់ផ្ទះ ប៉ុន្តែការប្រកាសនេះ​បានធ្វើឡើងក្រោយវៀតណាម​ប៉ុណ្ណោះ។ ដោយឡែក​អ្នក​ជំនាញខ្លះបាន​លើកឡើងថា កោះហាវ៉ៃ​ក៏អាចក្លាយជា​ជម្រើសដែរ ប៉ុន្តែ​វា​មិនសាកសម​ទាំងស្រុង​ឡើយ ព្រោះ​កូរ៉េខាងជើង​​ទំនងជាមិនអាចពេញ​ចិត្តឡើយ ព្រោះវា​ជាដែនដីគ្រប់គ្រង​ដោយអាមេរិក​សុទ្ធសាធ នៅកណ្តាល​មហាសមុទ្រប៉ាស៊ីហ្វិក៕