(ការ៉ាកាស់)៖ ក្រុមហ៊ុនប្រេង​រដ្ឋរបស់​វេណេស៊ុយអេឡា PDVSA បានចុះកិច្ចព្រមព្រៀង​តម្លៃ ៤០០លានដុល្លារ ជាមួយ​​ក្រុម​ហ៊ុន​​បារាំង Maurel & Prom ដើម្បីបង្កើន​សន្ទុះការ​ផលិត​ប្រេងឆៅ​នៅក្នុងរដ្ឋ ហ្ស៊ូលៀ (Zulia) នៃប្រទេស​អាមេរិកឡាទីន​នេះ។ នេះ​បើតាមសេចក្តី​ប្រកាសរបស់ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

យោងតាម​ការបញ្ជាក់ពី​លោក ម៉ាឌូរ៉ូ ការចុះកិច្ចព្រមព្រៀង​នេះ គឺស្ថិតក្នុង​​ផែនការ​​​​ឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៥ ​របស់រដ្ឋាភិ​បាល​លោក សម្រាប់ការបណ្តាក់ទុន​វិនិយោគពីបរទេស ហើយគោលដៅ​នៃកិច្ចព្រមព្រៀង​​គឺបង្កើនឲ្យ​​ការផលិតប្រេង​ឆៅ​​ក្នុង​មួយថ្ងៃកើន​ដល់ ២.៥លានបារ៉ែល​នៅឆ្នាំនេះ។

គួរជម្រាបថា ប្រទេស​វេណេស៊ុយអេឡា​បានរងគ្រោះជាខ្លាំង ដោយសារតែធ្លាក់ចុះ​យ៉ាងគំហុក​នៃថ្លៃប្រេង​ កាលពី​​ឆ្នាំ​២០១៤។ លោក ម៉ាឌូរ៉ូ បាននិយាយថា រូបលោកកំពុង​មើលការខុសត្រូវដោយ​ផ្ទាល់យ៉ាងយកចិត្ត​ទុកដាក់ លើ​ការ​ស្រោច​ស្រង់​​ឡើងវិញ​នូវ​ឧស្សាហកម្មប្រេង​​​ នៃប្រទេស​របស់លោក៕