(តូក្យូ)៖ អតីតប្រធានក្រុមហ៊ុន​ផលិតរថយន្ដ​ជប៉ុន Nissan Motor ត្រូវបាន​បណ្ដេញចេញ​ពីតំណែង​លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) បាន​អះអាងនៅ​ចំពោះមុខចៅក្រមថា លោកមិនបានប្រព្រឹត្ត​កំហុសអ្វីទាំងអស់ ហើយថារាល់​ការចោទប្រកាន់មកលើរូបលោក​ គឺជារឿងមិនពិត និងគ្មាន​មូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

លោក Carlos Ghosn ត្រូវបានអាជ្ញាធរ​ជប៉ុនចាប់ខ្លួនកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ពីបទប្រើប្រាស់​ហិរញ្ញវត្ថុក្រុមហ៊ុន​មិនត្រឹមត្រូវ ព្រមទាំងការបិទបាំងមិន​ប្រកាសទ្រព្យ​សម្បត្តិ។ ប៉ុន្តែ​នៅចំពោះមុខចៅក្រមតុលាការ​ថ្នាក់សង្កាត់មួយ ក្នុងទីក្រុងតូក្យូ​នៅថ្ងៃអង្គារនេះ លោក Ghosn បានទាត់ចោល​រាល់ការចោទ​ប្រកាន់។

លោក Ghosn បានបញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេ​ចោទប្រកាន់ទាំងខ្ញុំមិនបានធ្វើអ្វីខុស​ទាល់តែសោះ ហើយការឃុំខ្លួន​រូបខ្ញុំទៀតសោត​ គឺជារឿងអយុត្តិធម៌... ហើយផ្ទុយពី​ការចោទប្រកាន់ ខ្ញុំមិនដែលបាន​ទទួលប្រាក់​ខែពី Nissan ដោយមិន​បានប្រកាស​ចេញនោះដែរ»

គួរបញ្ជាក់ថា លោក Carlos Ghosn មានអាយុ ៦៤ឆ្នាំ ត្រូវបានអាជ្ញាធរ​ជប៉ុនចាប់ខ្លួនកាលពី​ខែវិចិ្ឆកា ឆ្នាំ២០១៨ តែមិនទាន់​ត្រូវបានគេ ចោទប្រកាន់​ជាផ្លូវនៅឡើយទេ ពាក់ព័ន្ធនឹង​ការចោទប្រកាន់ថា លោកប្រើប្រាស់​ហិរញ្ញវត្ថុមិន​ត្រឹមត្រូវ ដោយធ្វើឱ្យខាតបង់​ប្រាក់របស់ក្រុម​ហ៊ុន Nissan ជាង ១៧លានដុល្លារ៕