(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា គម្រោងដកទ័ព​​ចេញពីប្រទេសស៊ីរី​ នឹង​ពុំ​​ធ្វើឲ្យមានការប្រែប្រួល​ដល់បេសកកម្ម​កម្ទេច​ក្រុមភេរវករ ISIS ឬក៏យុទ្ធសាស្រ្ត​ទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ពង្រីក​ឥទ្ធិពលនៅក្នុង​តំបន់នោះ​ឡើយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

បើតាមលោក ប៉ុមប៉េអូ ការដកកងទ័ព​ចេញពីស៊ីរី គឺជាការផ្លាស់ប្តូរ​យុទ្ធសាស្រ្តមួយ ហើយនឹងមិនប៉ះពាល់​ដល់ការប្តេជ្ញា​យ៉ាង​មុតមាំ​របស់សហរដ្ឋអាមេរិក ក្នុងការកម្ចាត់​​ក្រុម ISIS នៅទូទាំងពិភពលោក​ឡើយ។ ម៉្យាងវិញទៀត ក៏ពុំមានការ​ប្រែ​ប្រួល​​ក្នុងយុទ្ធសាស្រ្តទប់ទល់​នឹង​ឥទ្ធិពលរបស់​ប្រទេស​អ៊ីរ៉ង់នោះដែរ។

លោករដ្ឋមន្រ្តី​ការបរទេសអាមេរិក ក៏បានធានាអះអាង​ផងដែរថា ប្រធានាធិបតី​តួកគី លោក អឺដូហ្គាន់ គឺអាចទុកចិត្តបាន​​ថា នឹងមិនធ្វើសកម្មភាព​វាយប្រហារទៅលើ​ក្រុមសកម្មប្រយុទ្ធឃើដ​នៅក្នុងទឹកដីស៊ីរី ដែលជាសម្ព័ន្ធមិត្ត​​របស់អាមេរិក​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ISIS ​ឡើយ បន្ទាប់ពីកងទ័ព​​អាមេរិកត្រូវ​បានដកចេញ។

គួរជម្រាបថា បើតាមលោក ប៉ុមប៉េអូ នាពេលនេះ​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន កំពុងស្ថិតក្នុង​រដ្ឋធានី​​អង់ការ៉ា ដើម្បីធានាថាការសន្យា​របស់​លោក អឺដូហ្គាន់ ជុំវិញការការពារ​ក្រុមសកម្មប្រយុទ្ធ​ឃើដ ត្រូវបានបំពេញ​តាម​កិច្ច​ព្រមព្រៀង​​ត្រឹមត្រូវ៕