(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានព្រមានថារដ្ឋាភិបាលទីក្រុងប៉ារីស នឹងប្រើប្រាស់កម្លាំងបាយបង្រ្កាប ក៏ដូចជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ក្រុមបាតុករទាំងឡាយណាដែលធ្វើបាតុកម្មតវ៉ាដោយគ្មានច្បាប់អនុញ្ញាត ខណៈបាតុកម្មតវ៉ារបស់​ក្រុមបាតុករអាវកាក់ពណ៌លឿងត្រូវបានគេរំពឹងថានឹងផ្ទុះឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

លោក Edouard Philippe ធ្វើការព្រមានបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍បារាំង TF1 នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«អាជ្ញាធរបារាំងនឹងចាត់វិធានការថ្មីៗនានា ក្នុងនោះរួមមានទាំង ការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ និងប្រើកម្លាំងបាយដើម្បីបង្រ្កាបអ្នកទាំងឡាយណាដែលចូលរួមនៅក្នុងបាតុកម្មដ៏ហិង្សា ឬគ្មានច្បាប់ អនុញ្ញាត»។ ប៉ុន្តែទន្ទឹមគ្នា លោក Philippe ក៏បានអះអាងដែរថា អាជ្ញាធរបារាំងនឹងនៅតែរក្សាការពារសេរីភាពបញ្ចេញមតិ ហើយថាអ្នក ដែលធ្វើការតវ៉ាដោយសន្តិវិធីនឹងមិនត្រូវបានដាក់ទោសដោយច្បាប់ឡើយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងសាំងឡើងថ្លៃរបស់ក្រុមបាតុករអាវកាក់ពណ៌លឿង ផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨មក មានមនុស្ស០៦នាក់បាត់បង់ជីវិត និង១,៤០០នាក់របួស។ បាតុកម្មតវ៉ានេះបានឈានចូលដល់សប្ដាហ៍ទី៧កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយ បើតាមលោក Philippe កងកម្លាំងសន្តិសុខបារាំង ៨០,០០០នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលអាចនឹងផ្ទុះ ឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជារដ្ឋាភិបាលបារាំងបានលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈ តាមការចង់បានរបស់​ក្រុមបាតុករក៏ដោយ៕