(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន មុននឹងលោកត្រួវជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

យោងតាម KCNA​ លោក គីម និងភរិយា គឺលោកស្រី Ri Sol-ju បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងទៅកាន់ប្រទេសចិន​តាំងតែពីល្ងាច​ថ្ងៃចន្ទមកម្លេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ តបតាមការអញ្ជើញពីលោក​ ស៊ី ជិនពីង ហើយនេះក៏ជាដំណើរ​ទស្សនកិច្ចជាលើកទី៤របស់លោកផងដែរ។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ស៊ី ជិនពីង នាឱកាសបំពេញទស្សនកិច្ចពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករានេះ នៅលើទឹកដីចិន លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថានឹងពិភាក្សាពីការរៀបចំជំនួបជាលើកទី២ រវាងលោក និងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតី ចិន ខណៈមានសេចក្ដីរាយការណ៍ថាក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើង​កំពុងពិភាក្សាពីទីតាំងរៀបចំជំនួបកំពូលនេះ៕