(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ប្រធានសភាជាតិថ្មី​មកពីគណបក្ស​ប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) គឺជាភ្ញាក់ងារ និងអាយ៉ងរបស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅ​រសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ថ្លែងតាមកញ្ចក់​ទូរទស្សន៍រដ្ឋនៅថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គាត់ (លោក Guaido) គឺជា​អាយ៉ង និងភ្នាក់ងារ​ដែលទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់​អាមេរិកបង្កើតឡើង... ហើយតាម​ការពិតអ្នកដែលគ្រប់គ្រង​គាត់ច្បាស់ណាស់ គឺ​សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា សភា​វេណេស៊ុយអេឡាត្រូវបានគណបក្ស​ប្រឆាំងគ្រប់គ្រង តាំង​តែពីឆ្នាំ២០១៦ មកម្ល៉េះ។​ ដូច្នេះហើយទើប លោក ម៉ាឌូរ៉ូ បានបង្កើត​សភាធម្មនុញ្ញមួយទៀតឡើង​ ដើម្បីពង្រឹង​អំណាច និងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ តាមដែលលោកត្រូវការ។ លោក Juan Guaido បានឡើង​កាន់តំណែងជា​ប្រធានសភាជាតិកាល​ពីសប្ដាហ៍មុន រីឯលោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវស្បថ​ឡើងកាន់តំណែង​ជាផ្លូវការនៅ ថ្ងៃទី១០ ខែមករានេះ ក្នុងអាណត្តិទី ២ សម្រាប់រយៈពេល ០៦ឆ្នាំ បន្ទាប់ពីលោកឈ្នះ​នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី កាលពីឧសភា ឆ្នាំ២០១៨ កន្លងទៅ។

ទោះបីជាបែបនេះក្តី កាលណោះលោក ម៉ាឌូរ៉ូ បានស្បថឡើង​កាន់តំណែង​នៅចំពោះមុខ​តុលាការកំពូល មិនមែននៅ​ចំពោះ​មុខសភាជាតិ​នោះឡើយ ហេតុដូច្នេះ​ទើបប្រទេសមហាអំណាចមួយចំនួន ជាពិសេស​​សហរដ្ឋអាមេរិក និង​ប្រទេសតំបន់​​អាមេរិកឡាទីន​ដែលដើរតាមគន្លងអាមេរិក បានរួមគ្នា​ដាក់សម្ពាធ និងថ្កោលទោស​​រដ្ឋាភិបាលវេណេស៊ុយអេឡា៕