(ការ៉ាកាស់)៖ ចៅក្រមតុលាការ​កំពូលវេណេស៊ុយអេឡា​លោក គ្រីស្ទាន ហ្សែប៉ា (Christian Zerpa) បានរត់ភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បីជា​ការតវ៉ា​ប្រឆាំងជំទាស់នឹងការ​ឡើងកាន់អំណាច​ក្នុងអណត្តិទី ២ របស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ថ្លែង​ប្រាប់វិទ្យុ Florida radio station កាលពី​ថ្ងៃអាទិត្យ លោក Zerpa ដែលធ្លាប់ជា​មនុស្សជំនិតរបស់​លោក ម៉ាឌូរ៉ូ បាន​អះអាងថា ការបោះឆ្នោត​ប្រធានាធិបតី​កាលពីឆ្នាំមុន បានប្រព្រឹទ្ធទៅ​ដោយគ្មានភាពសេរី និងយុត្តធម៌។ មិនតែប៉ុណ្ណោះ​លោកក៏បាន​ចោទប្រកាន់​លោក ម៉ាឌូរ៉ូ ផងដែរថា បានលូកដៃ និងកំពុងគ្រប់គ្រង​កិច្ចការទាំងឡាយ​របស់តុលាការកំពូល។ ប៉ុន្តែ​ជាការឆ្លើយតប អាជ្ញាធរទីក្រុង​​ការ៉ាកាស់​បាននិយាយថា លោក Zerpa រត់ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែ​គេចវេសពីការចោទប្រកាន់​ ពាក់ព័ន្ធនឹងអំពើរំលោភ​បំពានផ្លូវភេទ។

គួរជម្រាបថា លោក Christian Zerpa នេះហើយគឺជា​អ្នកជួយឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ មានអំណាចធំ​ដូចសព្វថៃ តាមរយៈ​ការតាក់​តែងច្បាប់មួយផ្ដល់សិទ្ធិឱ្យលោក ម៉ាឌូរ៉ូ អាចរំលាយ​សភាបាន និងបង្កើតតុលាការ​ធម្មនុញ្ញ។ លោក ម៉ាឌូរ៉ូ នឹងត្រូវស្បថ​ឡើងកាន់ តំណែងជា​ប្រធានាធិបតីវេណេស៊ុយអេឡា​ក្នុងអណត្តិទី ២ ជាផ្លូវការ​នៅថ្ងៃទី១០ ខែមករានេះ៕