(ហ្សាការតា)៖ ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បានឲ្យដឹងនា​ថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្រេច​បិទបញ្ចប់ប្រតិបត្តិការ​រុករក​ ប្រអប់ខ្មៅទីពីររបស់​យន្តហោះដឹក​អ្នកដំណើរ Boeing 737 MAX ដែលបានធ្លាក់​ចូលទៅក្នុងសមុទ្រជ្វា ប្រទេស​ឥណ្ឌូ​ណេស៊ី កាលពីថ្ងៃទី២៩ ខែតុលា ដែលបានសម្លាប់​មនុស្សដល់ទៅ ១៩៨នាក់នោះហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​​ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

កាលពីខែធ្នូ​កន្លងទៅ អាកាសចរណ៍ Lion Air បានប្រកាសថា ខ្លួនបានផ្តល់ថវិកា​២.៦លានដុល្លារ​សម្រាប់ការបន្ត​ស្វែង​រក​ប្រអប់ខ្មៅទីពីរ​​​ នៃយន្តហោះខាងលើ តាមរយៈការ​ប្រើប្រាស់​កប៉ាល់​ជំនាញរុករកមួយ​គ្រឿង​ឈ្មោះថា MPV Everest។ ​នា​ថ្ងៃព្រហស្បតិ៍នេះ អ្នកនាំ​ពាក្យ Lion Air បានឲ្យដឹងថា ប្រតិបត្តិការរុករក​ដោយប្រើកប៉ាល់​នេះ ត្រូវបានបិទបញ្ចប់​​កាលពី​​ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីនៅ​តែមិនទទួល​បាន​ជោគជ័យ។

គួរជម្រាបថា យន្តហោះជើងហោះហើរ JT610 នៃក្រុមហ៊ុន​អាកាសចរណ៍ Lion Air បានដាច់ការទាក់ទង​បន្ទាប់ពី ១៣នាទី​ ដែលវាបានហោះចាកចេញពី​រដ្ឋធានី​ហ្សាការតា ដើម្បីឆ្ពោះទៅ​កាន់​ទីក្រុង ផាំងកាល់ ភីណាង (Pangkal Pinang) ហើយវាគឺជា​ករណី​ធ្លាក់​​ដំបូង​​បង្អស់​នៃយន្តហោះស៊េរីថ្មី Boeing 737 MAX ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Boeing៕