(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកស្ដីទី លោក ផាទ្រីក សាណាហាន់ (Patrick Shanahan) បានអះអាងថា លោកមិនមាន​ជាប់ពាក់ព័ន្ធនឹងជម្លោះ​​ផលប្រយោជន៍ ឬក៏មុខជំនួញ​របស់ក្រុមហ៊ុនផលិត​យន្ដហោះ Boeing នៅអំឡុងពេល​កាន់តំណែងជា​អនុរដ្ឋមន្ត្រីការពារជាតិ​ឡើយ។ នេះ​បើតាមសម្តីអ្នកនាំ​ពាក្យរបស់លោក ​ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

អ្នកនំាពាក្យ​លោក Shanahan បានបញ្ជាក់​យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី​ការពារជាតិស្ដីទីអាមេរិក​​បានបដិសេធថា លោកមិនមាន​ជាប់ពាក់ព័ន្ធនឹងជម្លោះ​ផលប្រយោជន៍ ឬក៏មុខជំនួញ​របស់​ក្រុមហ៊ុន Boeing នៅអំឡុងពេល​លោកកាន់តំណែង​ ជាអនុរដ្ឋមន្ត្រី​ការពារជាតិ​នោះទេ»។ លោក Shanahan ធ្លាប់បាន​ចំណាយ​ពេលជាង ៣១ឆ្នាំ បម្រើការងារ​ឱ្យ​ក្រុមហ៊ុន Boeing ដែលមាន​ទីស្នាក់ការ​នៅក្នុង​​ទីក្រុង ឈីកាហ្គោ (Chicago) មុននឹងលោក​ត្រូវបានតែងតាំង​ជាអនុរដ្ឋមន្ត្រីការពារជាតិ​អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា លោក Shanahan ដែលគ្មានបទ​ពិសោធន៍ខាងវិស័យការពារជាតិ​ទាល់តែសោះ បានឡើងកាន់តំណែង​ជារដ្ឋមន្ត្រីការពារ​ស្ដីទី កាលពីថ្ងៃចន្ទ​កន្លងទៅ​ក្រោយលោក ចេមស៍ ម៉ាត់ទីស (James Mattis) បញ្ចប់ភារកិច្ចជា​រដ្ឋមន្ត្រីការពារជាតិ​ តាមរយៈការលាលែង​ពីតំណែង បន្ទាប់ពីលោក ដូណាល់​ ត្រាំ ប្រកាសដក​កងទ័ព​អាមេរិកជាង ២,០០០នាក់​ចេញពីប្រទេស​ស៊ីរី៕