(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសជាតិចិន​​បានបញ្ជាយានអវកាស ឆាងអឺ-៤ (Change' 4) ទៅធ្វើការចុះចតដោយជោគជ័យ​នៅលើផ្ទៃ​មួយចំហៀងទៀត (Dark side ឬ Far side) នៃព្រះច័ន្ទ ដែលពុំធ្លាប់មាន​យាន ឬមនុស្ស​បានចុះទៅស្រាវជ្រាវ​នោះឡើយ នៅវេលាម៉ោង ១០៖២៦នាទី​ព្រឹកថ្ងៃព្រហស្បតិ៍​នេះតែម្តង ដែលវា​ត្រូវបានចាត់ទុកជាជោគជ័យធំមួយ នៃវិស័យ​អវកាសចិន សម្រាប់ការបើក​ទំព័រឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

យានអវកាស Chang'e-4 ដែលរួមមាន​នូវយាន Lander ​មួយគ្រឿង (នៅមួយ​កន្លែង) និងយាន Rover មួយគ្រឿង (មាន​កង់​អាចចល័តបាន ចេញពីយាន Lander) នាពេលនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើការ​សិក្សាស្រាវជ្រាវពី​សមាសធាតុរ៉ែ និងសណ្ឋានផ្ទៃដី​នៃឋានព្រះច័ន្ទ​នៅតំបន់​ដែលពុំធ្លាប់មាន​ការរុករកពីមុនមកឡើយ​របស់ព្រះច័ន្ទ ហើយវានឹងជា​ជំហានគន្លឹះយ៉ាង​សំខាន់​ ដើម្បីឆ្ពោះទៅរក​ការបកស្រាយ​អាថ៌កំបាំង​នៃតំបន់​នេះ។

គួរជម្រាបថា យាន Chang'e-4 ត្រូវបានបញ្ជូន​ចេញពី​ផែនដីកាល​ពីជិត ១ខែមុន គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ វាបាន​ទៅដល់​គន្លងគោចរជុំវិញ​ព្រះច័ន្ទ កាល​ពីអំឡុង​ជាង១សប្តាហ៍មុន និងត្រៀមធ្វើការ​ចុះចតបានដោយជោគជ័យ​​ដូចពេល​នេះ។ ​ប្រទេស​ចិន​មាន​មហិច្ឆតា​ធ្វើការស្រាវជ្រាវទ្រង់ទ្រាយ​ធំលើ​ព្រះច័ន្ទ និងបង្កើត​​ស្ថានីយ​ផ្ទាល់ខ្លួននៅលើ​នោះ​​ផងដែរ ខណៈ​​សហរដ្ឋអាមេរិក ក៏កំពុងបោះ​ជំហានធំ​ក្នុងស្រាវជ្រាវ​បន្ថែមនៅឋានព្រះច័ន្ទ​ដូចគ្នា ដើម្បីធ្វើជា​ឈ្នាន់បោះពួយ​ទៅភពអង្គារ៕