(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​របស់អាមេរិក Apple បានបន្ថយ​ក្តីរំពឹងនៃ​ប្រាក់ចំណូលកើនឡើង​របស់​​ខ្លួន​ សម្រាប់​ត្រីមាសចុង​ក្រោយនៃ​​ឆ្នាំ​២០១៨ ដោយសារតែ​បានមើលឃើញ​ពីបញ្ហាប្រឈមមួយ​ចំនួន នៅក្នុងប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ធំ​បំផុត​​លើ​លោក ព្រមទាំងនៅតាម​ទីផ្សារផ្សេងទៀតដែលកំពុង​ផុសឡើង។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​​ពីសារ​ព័ត៌​មាន​ Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

ការព្រមានពី​ប្រាក់បញ្ហា​​ចំណូល​ដ៏កម្រ​មាន​​បែបនេះពីក្រុមហ៊ុន Apple បានឲ្យតំរុយថា អត្រានៃការលក់​ទូរស័ព្ទដ៏ល្បីនៅលើ​ពិភព​លោក iPhone ព្រមទាំងគ្រឿង​អេឡិចត្រូនិក​ដទៃទៀត បានធ្លាក់ចុះខ្សោយ​ខ្លាំងជាងការ​រំពឹងទុក ​ដែល​មួយ​ចំណែក​ដោយ​សារ​​តែ​ទំនាស់ផ្នែកពាណិជ្ជកម្ម​ រវាងទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង។

នាយកប្រតិបត្តិ​របស់ Apple លោក Tim Cook បានលើក​ឡើងថា «ខណៈយើង​បានត្រៀមខ្លួន​ជាមុនសម្រាប់​បញ្ហា​​​ប្រឈម​ នៅក្នុងទីផ្សារ​កំពុងលេចឡើងសំខាន់ៗ យើងមិនបាន​មើលឃើញមុននូវទំហំផលប៉ះពាល់ នៃការអន់ថយល្បឿនសេដ្ឋកិច្ច​នៅ​ក្នុងប្រទេសចិន​ឡើយ។ យើងជឿជាក់ថា សេដ្ឋកិច្ចចិន​បានរងផលប៉ះពាល់​ខ្លាំង ដោយសារការ​កើនឡើងនៃភាពតានតឹង​​ ក្នុងវិស័យពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក»

គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវគេមើល​ឃើញថា គឺជាមុខសញ្ញា​នៃការទម្លាក់កំហុស​ និងខឹងសម្បារ ជុំវិញការ​ចាប់​ខ្លួន​​នាយកផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei និងជាកូនស្រី​របស់ម្ចាស់ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំបំផុតលើលោក និងនៅប្រទេសចិន​​នេះ នៅឯប្រទេស​កាណាដា តាមសំណើរបស់​សហរដ្ឋអាមេរិក ដោយយោង​លើការចោទ​ប្រកាន់ថា បាន​បំពាន​​​ទណ្ឌ​​​កម្ម​​ដែលទីក្រុងវ៉ាស៊ីនតោន​បានដាក់លើប្រទេស​អ៊ីរ៉ង់។

ដោយសារតែរឿងនេះ​ប្រជាជន និងក្រុមហ៊ុនចិនក៏បាននាំគ្នាប្រឆាំង​​នឹងក្រុមហ៊ុន Apple ដោយ​ក្រុមហ៊ុនខ្លះ​​បានលើក​ទឹក​ចិត្តឲ្យ​បុគ្គលិកខ្លួន​ ប្រើប្រាស់​ស្មាតហ្វូន​របស់ Huawei និងខ្លះទៀតព្រមាន​មិនឲ្យបុគ្គលិកប្រើ​ផលិតផល Apple។​ ជាមួយគ្នា​នេះ​​ក្រុមហ៊ុន Apple ក៏ទំនងជាមិនបាន​គោរពតាម​សេចក្តីបង្គាប់​របស់តុលាការចិន ដែលបានហាម​ការលក់​ iPhone ម៉ូដែលចាស់ៗ​​នៅប្រទេសចិន ក្នុងសំណុំរឿង​ពាក់ព័ន្ធជាមួយក្រុមហ៊ុន​ផលិតបន្ទះឈីប Qualcomm ផងដែរ ដែលប្រការ​នេះ​អាចនឹងជួយ​ជំរុញការមិនប្រើប្រាស់​ផលិតផល Apple កាន់តែខ្លាំង​ថែមទៀត៕