(ម៉ូស្គូ)៖ សារព័ត៌មាន Washington Free Beacon នាពេល​ថ្មីនេះ បានរាយការណ៍ថា ចិនបានបាញ់​សាកល្បងដោយ​ជោគជ័យនូវ​គ្រាប់មីស៊ីល​ទំនើបចុងក្រោយបំផុតរបស់​ខ្លួន ដែល​មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដី​សហរដ្ឋអាមេរិក។ នេះបើតាមការ​ដកស្រង់ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

យោង​តាម Washington Free Beacon មីស៊ីលដែល​ចិនបានធ្វើតេស្ដជា​សម្ងាត់កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯ​សមុទ្រ Bohai គឺមាន​ឈ្មោះថា JL-3 ឬ Julong-3 ឬក៏អាច​ហៅម្យ៉ាង​ទៀតបានថា «រលកយក្ស»។ សារព័ត៌មាន​អាមេរិកដដែល​បានបញ្ជាក់​ទៀតថា​ មីស៊ីល Julong-3 អាចបាញ់បាន​ចំងាយច្រើនជាង ៩,០០០គីឡូម៉ែត្រ ហើយមីស៊ីស​ស៊េរីថ្មីនេះ​ទៀតសោត ត្រូវបានបាញ់​ចេញ​ពីនាវាមុជទឹក​នុយក្លេអ៊ែរ Type 096 មានសមត្ថភាព​ផ្ទុកមីស៊ីល ២៤គ្រាប់។

តែទោះជា​យ៉ាងនេះក្ដី សារព័ត៌មានរដ្ឋចិន​ជាច្រើនបានច្រាន​ចោលសេចក្ដីរាយការណ៍​របស់សារព័ត៌មាន Washington Free Beacon ដោយ​អះអាងថា សូម្បីតែឈ្មោះ​ពិតប្រាកដរបស់​មីស៊ីលនោះ ក៏សារព័ត៌មាន​អាមេរិកមួយនេះមិនដឹង​ច្បាស់ផង។ ពោលគឺ «Julong» ប្រែថា «នាគរាជ​ដ៏អស្ចារ្យ» រីឯ «រលកយក្ស» គឺមានន័យ​ស្មើនឹង​ពាក្យ «Julang» នៅក្នុង​ភាសាចិន។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន​អាមេរិកខាងលើ នាវាមុជទឹក​នុយក្លេអ៊ែរ Type 096 បានសាងសង់​រួចរាល់ហើយ ដែលនេះគឺផ្ទុយពីការវាយតម្លៃ​របស់មន្ទីរបញ្ចកោណ​​កាលពីប៉ុន្មានខែមុនថា ចិនត្រូវការប្រើពេល​ជាច្រើនឆ្នាំឯណោះ ដើម្បីអាចផលិត​នាវាមុជទឹក​នេះបានសម្រេចទៅរួច៕