(ម៉ូស្គូ)៖ កូរ៉េខាងជើង​ កំពុងផ្លាស់ប្ដូរការ​យកចិត្តទុកដាក់របស់ខ្លួន ទៅលើការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បន្ទាប់ពីបានធ្វើ​ផលិតបានដោយ​ជោគជ័យ​នូវអាវុធនុយក្លេអ៊ែរ​ ដែលអាចកំញើញ​សហរដ្ឋអាមេរិក និង​ស្វាគមន៍​​អាមេរិក​មក​ចូលតុចរចា​ជា​លើកទី ២ ដើម្បីបន្តដំណើរការ​​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ចេញពី​ឧបទ្វីបកូរ៉េ។ នេះបើតាម​​សម្តីអ្នកជំនាញ​មួយរូប​គឺលោកស្រី លី ហ៊ីយុន (Hyun Lee) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

លោកស្រី Hyun Lee ដែលជា​សមាជិកគណៈកម្មាធិការ​សាមគ្គីភាព ដើម្បីប្រជាធិបតេយ្យ និងសន្តិភាព​នៅលើ​ឧបទ្វីបកូរ៉េ បានធ្វើការកត់​​សម្គាល់ដូចខាងលើនេះ នៅក្នុង​បទសម្ភាសន៍​​ជាមួយ​សារព័ត៌មាន Sputnik និងផ្អែកលើ​សុន្ទរកថា​នៅថ្ងៃចូលឆ្នាំសកល២០១៩ របស់​មេដឹកនាំ​​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ លោកស្រី Lee បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សាររបស់​លោក គីម បានបង្ហាញយ៉ាង​​ច្បាស់ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងការស្ដារ​ទំនាក់ទំនងជាមួយ​កូរ៉េខាងត្បូង គឺជាអាទិភាពមួយសម្រាប់កូរ៉េខាងជើង​នៅក្នុង​ឆ្នាំ២០១៩នេះ»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថា​ឆ្នាំសកលកាល​ពីថ្ងៃអង្គារ លោក គីម ជុងអ៊ុន បាននិយាយថា លោកបានត្រៀម​ខ្លួនរួចជាស្រេច ដើម្បី​ជួបជាមួយលោក ដូណាល់ ត្រាំ ជាលើកទី ២ ហើយមេដឹកនាំអាមេរិករូបនេះក៏បានអះអាងត្រឡប់ទៅវិញដែរថា លោកក៏ចង់ជួបមេដឹកនាំ​កូរ៉េខាងជើង ក្នុងពេលឆាប់ៗ​ផងដែរ ក្រោយ​ទទួលបាន​លិខិត​ពីលោក គីម។ ប៉ុន្តែមុន​នឹងជំនួប​នេះកើតឡើង សាររបស់​លោក គីម ក៏បានបញ្ជាក់​ជាមុនដែរថា បើសហរដ្ឋអាមេរិក​រក្សាការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នោះកូរ៉េខាងជើង​នឹងរក្សាកម្មវិធី​អាវុធនុយក្លេអ៊ែរ​ដូចគ្នា៕