(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធសប្តាហ៍​នេះថា ការដកកងទ័ពអាមេរិក​ចេញពីទឹកដីស៊ីរី គឺ​ត្រូវការពេលវេលា​ ដែលការថ្លែង​បែបនេះ​ត្រូវបានធ្វើឡើង​ដើម្បី​ច្រានចោលការលើក​ឡើងមិនផ្លូវការថា អាមេរិក​នឹងដកទ័ព​ចេញ​ពី​ស៊ីរី​ក្នុងអំឡុងពេល​បួនខែ បន្ទាប់ពីការប្រកាស​កាលពីចុងឆ្នាំ២០១៨។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

លោក ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «វាត្រូវការពេលវេលា... ខ្ញុំមិនដែល​​បាននិយាយ​ថា យើងត្រូវដកទ័ព​ចេញស្អែកនោះឡើយ...។» ការលើកឡើងរបស់លោក ត្រាំ បែបនេះ​គឺ​ជាការឆ្លើយតបទៅនឹងសំនួររបស់​អ្នកសារព័ត៌មានក្នុង​សេតវិមាន ដែល​ពួក​គេចង់​បាន​កាលបរិច្ឆេទ​ជាក់លាក់ នៃការដកទ័ពអាមេរិក​ចេញយ៉ាងពិតប្រាកដ​ពីទឹកដីស៊ីរី ខណៈ​កន្លង​មកនេះ សមាជិកព្រឹទ្ធសភា​​អាមេរិកមួយចំនួន មិនបានបង្ហាញ​ការគាំទ្រ​ចំពោះ​​ផែនការ​របស់លោក ដូណាល់ ត្រាំ នោះឡើយ។

គួរបញ្ជាក់ថា លោក ត្រាំ បានច្រានចោល​ការចេញផ្សាយរបស់​កាសែត New York Times ​កាលពីពេលថ្មីៗនេះថា កងទ័ព​អាមេរិក​​ប្រមាណ ២,០០០នាក់ មានរយៈពេល ០៤ខែ ក្នុងការរៀបចំដក​ខ្លួនចេញពីទឹកដី​ស៊ីរី។ លោក ដូណាល់ ត្រាំ បាន​ប្រកាស​ពីផែនការដកទ័ព​ចេញពីស៊ីរីកាល​ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​ហេតុផល​​ធំមួយថា សហរដ្ឋអាមេរិក​​បានទទួលជោគជ័យ​ក្នុងការ​កម្ចាត់​ក្រុមភេរវករ​ ISIS នោះហើយ៕