(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចប្រជុំកំពូលជាលើកទី២ជាមួយលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកទទួលបានសំបុត្រមួយច្បាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

ថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖​ «...អ្វីដែលខ្ញុំដឹងគឺថា​នៅ ពេលនេះគ្មានឡើយគ្រាប់រ៉ុក្កែតហោះលើមេឃ គ្មានការធ្វើតេស្ដ ហើយយើងបានបង្កើតទំនាក់ទំនងដ៏ល្អជាមួយកូរ៉េខាងជើងមិនធ្លាប់ពី មុនមក»។ លោក ត្រាំ បន្ថែមថាចាប់ពីពេលនេះតទៅជំនួបថ្មីមួយទៀតនឹងកើតឡើង ខ្ញុំជួបគាត់ (លោក គីម) ហើយគាត់ចង់ជួបខ្ញុំ ដូច្នេះជំនួបកំពូលជាលើកទី២ជាមួយលោក គីម នឹងត្រូវធ្វើឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានធ្វើឡើងជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេស សិង្ហបុរី។ ចំណែកឯ លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថាលោកចង់ជួបលោក គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ ហើយនៅក្នុងសំបុត្រមួយច្បាប់ផ្ញើជូនលោកត្រាំ កាលពីសប្ដាហ៍មុន លោក គីម ក៏បានបញ្ជាក់ដែរថាលោកត្រៀមខ្លួនជានិច្ចដើម្បីជួប​ប្រធានាធិបតីអាមេរិក។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានព្រមានដែរថាទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបសាជាថ្មី បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ច ឬសម្ពាធចេញពីកូរ៉េខាងជើងទេនោះ៕