(ម៉ូស្គូ)៖ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាពិសេសគឺសង្រ្គាមពាណិជ្ជកម្មជាមួយចិន កាលពីឆ្នាំ២០១៨កន្លងទៅ បានធ្វើឱ្យភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរ ដោយក្នុងនោះមានប្រទេសខ្លះនៅតែបន្ត ចាយលុយដុល្លារអាមេរិកជារូបិយវត្ថុអន្តរជាតិ ខណៈប្រទេសចំនួន៥ កំពុងព្យាយាមបោះបង់ចោលប្រាក់ដុល្លារ។ ប្រទេសទាំង៥នេះ មានដូចជា៖​

- ចិន

សង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ តាមរយៈការដំឡើងពន្ធលើផលិតផលនាំចូលពីចិន បានបង្ខំឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់វិធានការ​​​ឆ្លើយតប​ជាច្រើន ដើម្បីកុំឱ្យសេដ្ឋកិច្ចចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកពឹងផ្អែកលើ​លុយដុល្លារ​អាមេរិកហួសហេតុពេក។ វិធានការទំាងនោះរួមមាន ការបង្កើនតម្លៃប្រាក់យ័ននៅក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្ដា​ប្រទេសជាដៃគូ ជាពិសេសនោះគឺការលើកកម្ពស់​ប្រាក់យ័នតាមរយៈកម្មវិធីនយោបាយសេដ្ឋកិច្ចផ្ដល់កម្ចី។

- ឥណ្ឌា

កាលពីឆ្នាំ២០១៨ ក្រៅតែពីចិន ប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក រួមមានទាំងឥណ្ឌា ក៏រងផលប៉ះពាល់ផ្នែកពាណិជ្ជកម្ម​ដោយសារតែគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ ផងដែរ។ ជាក់ស្ដែង ដើម្បីកាត់បន្ថយឥទ្ធិពលលុយដុល្លារ ទីក្រុងញូដេលី​បានប្រើប្រាស់រូបិយវត្ថុជាតិគឺរូបពី (rupee) ដើម្បីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី និងទិញប្រេងពីអ៊ីរ៉ង់ជាដើម។

- តួកគី

ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ កាលពីឆ្នាំ២០១៨ បានប្រកាសពីផែនការលែងចាយលុយដុល្លារអាមេរិក នៅក្នុងការធ្វើ​ពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ ដូចជាចិន រុស្ស៊ី អ៊ុយក្រែន និងអ៊ីរ៉ង់។ ការប្រកាសពីផែនការនេះធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាង​ទីក្រុង​អង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោនមានភាពល្អក់កករនឹងគ្នាចាប់តាំងពីរដ្ឋប្រហារនៅតួកគីកាលពីឆ្នាំ២០១៦មក។

អ៊ីរ៉ង់

ក្រោយការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៥ សហរដ្ឋអាមេរិកបាន សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ ទណ្ឌកម្មនេះ គឺមានគោលដៅសំខាន់លើវិស័យប្រេងអ៊ីរ៉ង់​ដូច្នេះហើយទើបទីក្រុងតេហេរ៉ង់ បានចាត់វិធានការឆ្លើយតបដោយចាយលុយអ៊ីរ៉ង់ ជំនួសលុយដុល្លារអាមេរិកជាមួយប្រទេសជាដៃគូ ដែលទិញប្រេងពីខ្លួន។

រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់និយាយថាសហរដ្ឋអាមេរិកបានបង្កកំហុសដ៏ធំនោះគឺធ្វើឱ្យអន្តរជាតិបាត់បង់ជំនឿចិត្ត​លើប្រាក់ដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ លោកក៏បានអះអាងដែរថាទីក្រុងវ៉ាស៊ីនតោន ចូលចិត្តប្រើប្រាស់លុយដុល្លារដើម្បីដាក់​សម្ពាធ ឬទណ្ឌកម្មលើបណ្ដាប្រទេសដទៃ ស្របពេលរុស្ស៊ីកំពុងជាប់ទណ្ឌកម្មអាមេរិកស្រាប់។ ដូច្នេះទើបទីក្រុងម៉ូស្គូសម្រេចចិត្ត​ប្រើប្រាស់រូបិយវត្ថុជាតិជាមួយប្រទេសដែលខ្លួនរកស៊ីជាមួយ ដូចជាចិន អ៊ីរ៉ង់ វេណេស៊ុយអេឡា និងឥណ្ឌា៕

ប្រភព៖ Russian Today (ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩)